ខេត្តបន្ទាយមានជ័យ៖ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងថា ម្ចាស់ឃ្លាំងស្តុកឈើខុសច្បាប់ជាច្រើនម៉ែត្រ ស្តុកកាកសំណល់ប្រេងឆាខូចគុណភាព ហាមឃាត់ខុសច្បាប់ នឹងត្រូវអនុវត្តតាមផ្លូវច្បាប់ មិនឱ្យរួចខ្លួននោះទេ ។
សូមបញ្ជាក់ថា កាលព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចទីតាំងស្តុកប្រហុកមួយកន្លែង ដើម្បីនាំទៅប្រទេសថៃ ត្រូវបានសមត្ថកិច្ចចម្រុះ ដឹកនាំដោយលោក សុខ កែវបណ្ឌិត ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្ត បានចុះទៅបង្រ្កាប និងឆែកឆេរត្រួតពិនិត្យ ក្នុងឃ្លាំង ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចរកឃើញឈើប្រភេទលេខ១ រួមានឈើឈ្លីក និងចឺក្រំ ចំនួន៩៣ដុំ ស្មើនិងជាង៣០ម៉ែត្រគូប ស្តុកទុកខុសច្បាប់ ដែលគេសង្ស័យឈ្មួញធ្វើជំនួញបម្រុងយកនាំចេញទៅប្រទេសថៃ ។ ទន្ទឹមនោះសមត្ថកិច្ចក៏បានរកឃើញកាកសំណល់ប្រេងឆាដែលប្រើប្រាស់រួច ខូចគុណភាព គេសង្ស័យបម្រុងយកទៅកែច្នៃប្រើប្រាស់ឡើងវិញ បង្កឱ្យគ្រោះថ្នាក់សុខភាពដល់អ្នកទទួលទាន សរុបចំនួន៨៥១០លីត្រ ច្រកក្នុងធុង២០០លីត្រ៣៧ធុង និងច្រកក្នុងប៊ីដុង៣៧ប៊ីដុង។មន្រ្តីជំនាញក៏បានរកឃើញ អំបិលគ្មានជាតអ៊ីយ៉ូតសរុបចំនួនជាង១០តោនផងដែរ ។
ឈើ ប្រេងឆាខូចគុណភាព និងអំបិលគ្មានជាតិអ៊ីយ៉ូត ទាំងនោះ ត្រូវបានលោកព្រះរាជអាជ្ញារងបញ្ជាឱ្យសមត្ថកិច្ចដកហូតយកមករក្សាទុកដើម្បីចាត់ការតាមផ្លូវច្បាប់ ។
ឈ្មួញម្ចាស់ឃ្លាំងខាងលើត្រូវបានសមត្ថកិច្ចប្រាប់ឱ្យដឹងថា ជាមន្រ្តីយោធាជាន់ខ្ពស់ម្នាក់ ដែលមានឥទ្ធិពលខ្លាំងនៅក្នុងតំបន់នោះផងដែរ ។ ឈ្មួញរូបនោះឈ្មោះ តឹក ប៊ុនធឿន ហៅតុល រស់នៅក្នុងខេត្តបន្ទាយមានជ័យនោះតែម្តង។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចចុះបង្រ្កាបឱ្យដឹងទៀតថា ក្នុងអំឡុងដែលសមត្ថកិច្ចចុះទៅតាំងឃ្លាំងរបស់ឈ្មួញតឹក ប៊ុនធឿន ហៅតុល មុនដំបូងឈ្មួញរូបនោះ ប្រើពាក្យសំដីមិនគម្បីដាក់សមត្ថកិច្ចហើយ បាននិយាយអួតអាងយកឈ្មោះ អភិបាលខេត្តខេត្តបន្ទាយមានជ័យ ប្រើប្រាស់ ក្នុងគោលបំណងឱ្យសមត្ថកិច្ចឃ្លបខ្លាច ក្នុងអំពើខុសច្បាប់របស់ខ្លួន ផងដែរ ។ ប៉ុន្តែលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានបំភ្លឺតាមហ្វេសប៊ុករបស់លោកថា លោកគ្មានជាប់ពាក់ព័ន្ធនិងទៅជួយអន្តរាគមន៍អំពើខុសច្បាប់នោះទេ មានតែជម្រុញឱ្យសមត្ថកិច្ចចុះបង្រ្កាបអំពើខុសច្បាប់៕ សំវិច្ឆិកា