ព័ត៌មានទាន់ហេតុការណ៍៖

ដើរឆក់ទូរស័ព្ទមិនបានសម្រេចត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ជ្រោយចង្វាក្របួចជាប់

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ ជ្រោយចង្វា សហការជាមួយកម្លាំងខណ្ឌជ្រោយចង្វា មកអន្តរាគមន៍ឃាត់ខ្លួនបុរសម្នាក់ក្រោយពេលធ្វើសកម្មភាពឆក់ទូរស័ព្ទ(ថ្មើរជើង) ពីនារីម្នាក់មិនបានសម្រេច។ ហេតុការណ៍នេះកើតឡើងពីម៉ោងជិត៧យប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមផ្លូវទន្លេសាបក្បែររង្វង់មូលនាងប្រាជ្ញបារមី ស្ថិតក្នុងក្រុម៤ ភូមិ១ សង្កាត់-ខណ្ឌជ្រោយចង្វា។

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនខាងលើមានឈ្មោះ ហាប់ សុគ្រី អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងក្រុម៦ ភូមិ១ សង្កាត់ ជ្រោយចង្វា-ខណ្ឌជ្រោយចង្វា ចំណែកជនរងគ្រោះឈ្មោះ ហោរ ធានី អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវIU ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេពិតជាបាន ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពី ជនរងគ្រោះពិតប្រាកដមែន និងទើបតែសុំក្រុមហ៊ុនលាឈប់ ពីការងារសន្តិសុខថែមទៀតផង។

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា បានឲ្យដឹងថា មុនពេលកើតហេតុនារីរង គ្រោះបានកាន់ ទូរស័ព្ទដៃ១គ្រឿងម៉ាក iPhone-៤ ពណ៍ស ដោយដើរមកឈរលេងនៅមាត់ទន្លេ (ចំណុចកើតហេតុ) ខណៈនោះស្រាប់តែលិចមុខ ជនសង្ស័យបានដើរមក ឈរក្បែរហើយក៍ធ្វើសកម្មភាព ឆក់យកទូរស័ព្ទពីជនរងគ្រោះតែមិនបានសម្រេចឡើយដោយជនរងគ្រោះជាស្ត្រី បានដឹងខ្លួនមុននិងក្ដាប់ទូរស័ព្ទណែននិងដៃ។

សមត្ថកិច្ចបន្តថា ក្រោយពេលធ្វើសកម្មភាពឆក់ទូរស័ព្ទមិនបានសម្រេច ជនសង្ស័យព្យាយាមរត់គេចខ្លួន តែត្រូវជនរងគ្រោះស្រែកថា ចោរៗ ផ្អើរឆោឡោដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍ជ្រោយចង្វា មកជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ បានភ្លាមៗ ។

បច្ចុប្បនជនសង្ស័យកំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ ជ្រោយពេជ្រ

 

unnamed

 


ចែករំលែក៖