ប៉ោយប៉ែតៈ ស្ត្រី វ័យក្មេង ២បានស្លាប់ និងមនុស្ស៤នាក់ទៀត រងបួស ធ្ងន់ និងស្រាល គ្រាដែលពលរដ្ឋខ្មែរចំនួន០៦នាក់បានធ្វើដំណើរតាមរថយន្តឈ្នួល ដើម្បីទិញឥវ៉ាន់(សំលៀកបំពាក់) នៅទីក្រុងបាងកក ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ផ្ទុះកង់រថយន្ត នៅចំណុចស្រុកកាប៉ីនបូរី ខេត្តប្រាជីនបូរី ប្រទេសថៃ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០១៦ ។
យោងតាមសេចក្ដីរាយការណ៍ ពីប្រទេសថៃបានអោយដឹងថា អ្នកស្លាប់ទាំង០២នាក់នោះរួមមាន៖
១-ឈ្មោះម៉ៅ ម៉ូលីកា ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិខ្នា សង្កាត់ជ្រៀវ ក្រុង ខេត្តសៀមរាម
២-ឈ្មោះដុក លីដា ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ចំណែកអ្នករងរបួសមានៈ
១-ឈ្មោះកេត គន្ធា ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិ សង្កាត់បឹងទំពុន ខណ្ឌ័មានជ័យ រាជធានីភ្នំពេញ របួសបាក់ចង្កេះ។
២-ឈ្មោះសុង ពិសី ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប របួសភ្នែកឆ្វេង។
៣-ឈ្មោះជា ស៊ុយលី ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅភូមិកិត្តិយស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប របួសជើង។
៤-ឈ្មោះរឹទ្ធ សុលាភ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិមណ្ឌល ឃុំស្វាយដង្គុម ក្រុង ខេត្តសៀមរាប របួសក្បាល ។
អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងស្រុកកាប៉ីនបូរី ខេត្តប្រាជីនបូរី ប្រទេសថៃ រីឯអ្នកស្លាប់ត្រូវបានអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃ រៀបចំបែបបទបញ្ជូនមកប្រទេសកម្ពុជាវិញ តាមច្រក ទ្វារអន្តរជាតិប៉ោយប៉ែត នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ។
ប្រភពបញ្ជាក់ថាៈ ចំពោះអាជីវករខ្មែរប្រុស ស្រីទាំង៦នាក់ខាងលើ ដែលជួយ គ្រោះថ្នាក់នោះ មុនកើតហេតុពួកគេបានជិះរថយន្ត ឈ្នួលដើម្បីទៅផ្សារ ទិញសម្ភារប្រើប្រាស់ដូចជាសំលៀកបំពាក់ ក៏ជួបគ្រោះថ្នាក់រថយន្តបែកកង់តែម្ដង ។
ជុំវិញករណីខាងលើនេះ មន្ត្រីទំនាក់ទំនងកម្ពុជា ថៃប្រចាំច្រកទ្វារអន្តជាតិប៉ោយប៉ែតមិនអាចធ្វើអធិប្បយបានឡើយ ព្រោះទូរសព្ទ័របស់អស់លោកជំនាញ៣នាក់គ្មានការទទួលហៅចូលបាន ។
អ្នកស្រុកលើកឡើងថា បើពិបាកទំនាក់ទំនងបែបនេះ បើពួកគាត់មានបញ្ហាឲ្យសង្ឃឹមអ្នកណា? ៕ វណ្ណា