ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងក្មេងៗ ដែលកំពុងដើរអូសត្រី ខណៈប្រទះឃើញសាកសពបុរសម្នាក់ក្នុងប្រឡាយទឹក កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា បន្ទាប់ពី ទួលព័ត៌មានពីប្រជាពលរដ្ឋមកថា មានមនុស្សលង់ទឹកស្លាប់ក្នុងប្រឡាយ នៅខាងជើងវត្តទួល ស្ថិតភូមិព្រះទន្លេ សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង កម្លាំងសមត្ថកិច្ចក្រុង សហការជាមួយ លោកមេភូមិ ក្រុមប្រឹក្សាសង្កាត់ លោក នាយប៉ុស្ដិ៍ចុះទៅដល់កន្លែងកើតហេតុ ដើម្បី ស្រាវជ្រាវ និង ពិនិត្យសាកសព ។
ប្រភពបន្តថា សាកសពដែលប្រទះឃើញស្លាប់មានឈ្មោះ អ៊ុង សំបូ ហៅ ម៉ៅអាយុ ៥៧ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិ ចំបក់ពាម សង្កាត់សង្ឃ័រ ក្រុង ស្វាយរៀង ខណៈបុរសខាងលើត្រូវបានអ្នកភូមិបានអះអាងថា ជាមនុស្សមានសតិមិនល្អ សរសៃប្រសាទផងដែរ ។
យោងតាមការស្រាវជ្រាវ និងពិនិត្យរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យសាកសព ឃើញថា ពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន ។ សាកសពជាមនុស្សសតិមិនគ្រប់ ហើយដើរទៅបត់ជើងធំ រអិលជើងធ្លាក់ចូលទឹកប្រឡាយលង់ស្លាប់តែម្ដង ក្នុងកំឡុងម៉ោងប្រហែល១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ។
បច្ចុប្បន្ន សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដោយមិនមែនជារឿងឃាតកម្មអ្វីនោះទេ ៕ យឹម សុថាន