ភ្នំពេញ ៖ ប្រជាពលរដ្ឋ និងក្រុមអាជីវករ បានរិះគន់ចំៗទៅលើសមត្ថកិច្ចអាជ្ញាធរក្នុងមូលដ្ឋានខណ្ឌមានជ័យថា បើកដៃឲ្យមានល្បែងកន្ទុយលេខយ៉ាងគគ្រឹកគគ្រេង ។ ជាក់ស្តែងកាលពីរសៀលថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០១៦ ល្បែងកត់កន្ទុយលេខដែលមានទីតាំងទីក្នុងផ្សារស្ទឹងមានជ័យថ្មី ស្ថិត ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ គឺជាទីប្រជុំជនល្បែងកត់ឆ្នោតដែលមានមេជាច្រើន ។
យ៉ាងណាក៏ដោយក្រុមអាជីវករនៅ ទីនោះថា ទីតាំងកត់កន្ទុយលេខក្នុងផ្សារ នេះ ធ្លាប់មានអាជ្ញាធរដែលដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ ចុះបង្ក្រាបម្តងរួចមកហើយតែបច្ចុប្បន្នបែរជាមានការកត់លេងខ្លាំងជាងមុនហើយច្រើនកន្លែងទៀតផង ។
គេមិនដឹងថានាយប៉ុស្តិ៍ស្ទឹងមានជ័យ លោកម៉ៅ សាវឿន ដឹងលឺរឿងនេះ ឬក៏ដឹង ដែរធ្វើជាមិនលឺ ឬក៏យ៉ាងណា ព្រោះលោកជាមន្ត្រីជាប់ជាមួយពលរដ្ឋក្នុងមូលដ្ឋាន ។ ដដែលជាដដែលក្រុមអាជីវករលក់ដូរនៅផ្សារស្ទឹងមានជ័យថ្មី ក៏បានរិះគន់ចាស់ដៃដល់ប្រធានផ្សារនេះផងដែរ ថាបានបើក ដៃឲ្យមានល្បែងស៊ីសងដូចជាលេងបៀរ និងកត់កន្ទុយលេខយ៉ាងគគ្រឹកគគ្រេងនៅជាន់ក្រោមម្តុំលក់ផ្លែឈើ រីឯជិតកន្លែងលក់ បាយឈ្មោះ អាមុំ និងមួយកន្លែងទៀតគេ កត់នៅកណ្តាលវាលតែម្តង ។
ប្រជាពលរដ្ឋបាននិយាយរិះគន់ថាផ្សារស្ទឹងមានជ័យថ្មីគឺជាផ្សារទំនើបមិនគួរ ប្រធានផ្សារធ្វើមិនដឹងមិនឮធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសផ្សារយ៉ាងខ្លាំង ៕ ហេង នរិន្ទ្រ