ខេត្តឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០១៦នេះ មានសេចក្តីរាយ ការណ៍ថា ស្ពានតាម៉ុកត្រូវបានរងគ្រោះដោយជំនន់ទឹកភ្លៀងម្តងទៀតហើយ បន្ទាប់ពីរងគ្រោះអស់រយះពេលប៉ុន្មានថ្ងៃដើមខែកញ្ញាកន្លងទៅនេះ ។ ពលរដ្ឋរស់នៅក្នុង ស្រុកអន្លង់វែងមិនអាចធ្វើដំណើរឆ្លងកាត់ស្ពាន តាម៉ុក បានទេនៅព្រឹកម្សិលមិញនេះ ដោយកម្ពស់ទឹកបានហក់ឡើងខ្ពស់ជាង ធម្មតាហើយ ។
ក្រសួងធនធានទឹក និង ឧតុនិយមបានឲ្យដឹងថា ភ្លៀងធ្លាក់ជាប់ៗ គ្នាបានធ្វើឱ្យទឹកអាងតាម៉ុក ស្ថិតក្នុង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យហក់ឡើងជាថ្មីម្តងទៀតដល់កម្ពស់ ៣,២០ម៉ែត្រ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ ពោលគឺលើសកម្រិតកម្ពស់ ប្រកាសឱ្យប្រុងប្រយ័ត្ន០,៣ម៉ែត្រ ។
ស្ពាន ឆ្លងកាត់អាងក៏ត្រូវបានផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នផងដែរ ៕ ប៉ែន នួន