ភ្នំពេញៈ អាជ្ញាធរខណ្ឌសែនសុខប្រើធម៌ក្ដៅដាក់ ប៉ារ៉ាស់ចាប់ឃាត់ រថយន្តរបស់ក្រុមហ៊ុនជីបម៉ុង រថយន្តបែនដឹកដីរបស់ឩកញ៉ា ញឹក ផន ហៅកៅ និងរថយន្តធុនធំៗមួយចំនួនទៀត ដែលបានបំផ្លាញផ្លូវសាធារណៈ រងការខូចខាតទាំងស្រុង ពិបាកក្នុងការធ្វើចរារចរណ៍និងអាចបង្កជាគ្រោះថ្នាក់ផ្សេងៗ។
នៅព្រឹកថ្ងៃទី21ខែកញ្ញានេះ លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខបានចុះបង្រ្គាបនិងចាប់ឃាត់រថយន្តធុនធំជាច្រើនគ្រឿងតាមបណ្ដោយផ្លូវ92ស្ថិតនៅភូមិបន្លាស្អិតសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ត្រូវបានអាជ្ញាធរឃាត់ទុក ដើម្បីឲ្យតំណាងក្រុមហ៊ុនចេញមុខមកដោះស្រាយ ហើយលោកអភិបាលរងក៏បាននែនាំដល់អ្នកបើកបរផងដែរ រួចក៏អនុញាតិឲ្យត្រលប់ទៅវិញ។
បើតាមប្រជាពលរដ្ឋដែលរស់នៅតំបន់នោះបានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីរថយន្តក្រឡុកបេតុងរបស់ក្រុមហ៊ុនជីបម៉ុងនៅមានរថយន្តបែនដឹកដីដឹកខ្សាចរបស់ឩកញ៉ា ញឹកផនហៅកៅ និងរថយន្តដឹកទំនិញជាច្រើនទៀតដែលឆ្លងកាត់ផ្លូវនេះទើបបណ្ដាលឲ្យរងការខូតខាតទាំងស្រុងបែបនេះ ទោបីកន្លងមកអាជ្ញាធរខណ្ឌធ្លាប់បានហាមឃាត់ដែរ តែដូចជាគ្មានប្រសិទ្ធភាពសោះ ដោយសារក្រុមរថយន្តធុនធំទាំងនោះយកសុទ្ធតែឈ្នោះអ្នកធំមកកាង។
លោក ប៉ឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានបញ្ជាក់បន្ថែមថាផ្លូវលេខ92មួយខ្សែនេះប្រវែង10000ម៉ែត្រ ដែលរងការខូចខាតដោយសាររថយន្តធុនធំដឹកទំនិញ រថយន្តបែនដឹកដីដឹកខ្សាច់លោកកំពង់សិក្សានិងធ្វើរបាយការណ៍ស្នើរទៅសាលរាជធានីដើម្បីស្ថាបនាផ្លូវនេះឡើងវិញ៕ តុង សីហា