ភ្នំពេញ៖ ព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០១៦ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោកស្រី FRANCOISE CHARLIER អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍អាសុី នៃទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។
លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោកស្រីនៅកម្ពុជា ពិសេសនៅក្រសួងធនធានទឹក និងឧតុនិយម ។ លោករដ្ឋមន្ត្រីបន្តថា ក្នុងនាមថ្នាក់ដឹកនាំក្រសួង និងបងប្អូនប្រជាកសិករកម្ពុជា សូមថ្លែងអំណរគុណចំពោះទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍបារាំង ដែលបានសហការយ៉ាងជិតស្និទ្ធ ព្រមទាំងបានផ្តល់នូវហិរញ្ញប្បទាន និងជំនួយបច្ចេកទេស សម្រាប់ការស្តារឡើងវិញនូវព្រែក និងប្រព័ន្ធធារាសាស្ត្រ និងការរៀបចំចងក្រងបញ្ជីសារពើភ័ណ្ឌធារាសាស្ត្រ នៅកម្ពុជា ។
លោករដ្ឋមន្ត្រីបន្តថា ការស្តារព្រែក ក៏ដូចជាស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ គឺជាកិច្ចការដ៏ចាំបាច់ និងមានសារប្រយោជន៍ណាស់ ក្នុងការផ្គត់ផ្គង់ទឹកដល់ប្រជាកសិករ ។ ឯការប្រមូលទិន្នន័យ ចងក្រងទិន្នន័យបញ្ជីសារពើភ័ណ្ឌ គឺជាមូលដ្ឋានបច្ចេកទេសដ៏សំខាន់ ក្នុងការរៀបចំផែនការធ្វើទំនើបកម្មធារាសាស្ត្រ នៅកម្ពុជា ។
លោករដ្ឋមន្ត្រីបានបន្តថា ស្ថានភាពជាក់ស្តែងនៅកម្ពុជានាពេលបច្ចុប្បន្ននេះ ប្រព័ន្ធធារាសាស្ត្រមិនទាន់បានគ្របដណ្តប់លើផ្ទៃដីបង្កបង្កើនផលទូទាំងប្រទេសនោះទេ ដូចនេះហើយបានជាបច្ចុប្បន្ននេះ ទាំងសម្តេចប្រមុខរាជរដ្ឋាភិបាល ទាំងក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងស្វះស្វែងរកប្រភពទុនបន្ថែម ដើម្បីបន្តអភិវឌ្ឍន៍លើវិស័យធារាសាស្ត្របន្ថែមទៀត ។ ក្នុងដំណាក់កាលនៃការប្រែប្រួលអាកាសធាតុ ទស្សនវិស័យរបស់ក្រសួង គឺនៅតែបន្តបង្កើតឡើងនូវអាងទឹកតាមតំបន់ភ្នំ តំបន់ខ្ពង់រាប ឱ្យបានច្រើនជាអតិបរមា ដើម្បីកាត់បន្ថយនូវជំនន់នារដូវវស្សាផង និងទាញយកទឹកមកប្រើប្រាស់នៅរដូវប្រាំងផង ។ ជាមួយគ្នានេះ ក្រសួង ក៏នឹងបន្តការធ្វើអនុត្តរភាព ដើម្បីឱ្យប្រព័ន្ធធារាសាស្ត្ររបស់យើង មានលក្ខណៈគ្រប់ជ្រុងជ្រោយ ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ជូនលោកស្រី FRANCOISE CHARLIER ថា អាស្រ័យលើធនធានទឹកថវិកា និងតម្រូវការចាំបាច់ជាក់ស្តែង ក្នុងពេលបច្ចុប្បន្ននេះ ប្រព័ន្ធធារាសាស្ត្រធំៗរបស់យើងមួយចំនួន ទើបតែសាងសង់បាននូវប្រព័ន្ធមេ ដូចជាអាងទឹក ប្រឡាយមេ សំណង់សិល្បការធំៗ… ក្នុងន័យដោះស្រាយទឹកជាបន្ទាន់ ជូនបងប្អូនប្រជាកសិករសិន បើទោះបីជាកន្លែងខ្លះ ត្រូវប្រើប្រាស់គ្រឿងចក្រដើម្បីកាយប្រឡាយទាញទឹក ឬការប្រើមធ្យោបាយបូមបាចមកអន្តរាគមន៍ក្តី ប៉ុន្តែបញ្ហាសំខាន់ គឺយើងមានទឹកសម្រាប់អន្តរាគមន៍ នៅពេលដែលស្រូវរបស់បងប្អូនប្រជាកសិករជួបនូវគ្រោះរាំងស្ងួត ។
ការងារបន្ទាប់ គឺការធ្វើអនុត្តរភាពធារាសាស្ត្រ ពោលគឺការធ្វើឱ្យប្រព័ន្ធមានលក្ខណៈបច្ចេកទេសគ្រប់ជ្រុងជ្រោយ ដែលទឹកអាចហូរចូលស្រែរបស់បងប្អូនប្រជាកសិករតែម្តង ។
ទាក់ទងជាមួយនឹងការស្តារព្រែក លោករដ្ឋមន្ត្រីបានជម្រាបជូនលោកស្រី FRANCOISE CHARLIER ថា ការគ្រប់គ្រង និងប្រើប្រាស់ព្រែកក្នុងរូបភាពជាសហគមន៍នៅកម្ពុជា មានប្រវត្តិជាង ២០០ ឆ្នាំ មកហើយ ។ ព្រែកមានតួនាទីនាំដីល្បប់ផង ទឹកផង និងជាផ្លូវសម្រាប់មច្ឆជាតិធ្វើបំលាស់ទីផង ។ ដោយសារពេលវេលា បានធ្វើឱ្យព្រែកមួយចំនួនត្រូវគោករាក់ ស្ទើរប្រើប្រាស់លែងកើត ។
តាមរយៈហិរញ្ញប្បទានរបស់ AFD យើងបាន និងកំពុងធ្វើការស្តារឡើងវិញ ដើម្បីឱ្យព្រែកទាំងនោះ មានតួនាទីរបស់វាឡើងវិញ ។ ទន្ទឹមនឹងនេះ យើងក៏បានបំពាក់បន្ថែមនូវទ្វារទឹកតាមមាត់ព្រែក ដើម្បីស្ទាក់ទឹកទុក ព្រមជាមួយនឹងការបង្កើតឡើងនូវស្ថានីយបូមទឹកចល័តតាមដងទន្លេ ដើម្បីផ្គត់ផ្គង់ទឹកបន្ថែមដល់ព្រែកដែលមានការខ្វះខាត ។
ជាការឆ្លើយតបនឹងការលើកឡើងរបស់ លោករដ្ឋមន្ត្រី លោកស្រី FRANCOISE CHARLIER បានជម្រាបជូនលោករដ្ឋមន្ត្រីថា ផ្អែកលើគោលនយោបាយរបស់ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍបារាំង និងទស្សនវិស័យដ៏ត្រឹមត្រូវរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបាន និងកំពុងអនុវត្តនាពេលបច្ចុប្បន្ន ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ពិតជាមានការពេញចិត្ត ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការ ទាំងផ្នែកបច្ចេកទេស ទាំងហិរញ្ញប្បទាន ដល់ក្រសួងធនធានទឹក និងឧតុនិយម ។
លោកស្រីបន្តថា បច្ចុប្បន្នក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងអនុវត្តគម្រោងស្តារព្រែក និងប្រព័ន្ធធារាសាស្ត្រ ក្រោមហិរញ្ញប្បទានរបស់ AFD (ជំហានទី ១) ។ ពិនិត្យឃើញប្រសិទ្ធភាពនៃគម្រោងនេះ ទីភ្នាក់ងារអភិវឌ្ឍបារាំង បានគ្រោងនូវហិរញ្ញប្បទានប្រមាណ ១០៤ លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត ដល់ក្រសួងធនធានទឹក និងឧតុនិយម សម្រាប់យកទៅអនុវត្តការងារមួយចំនួន ក្នុងជំហានទី២ (២០១៧-២០១៩) ដូចជា ៖
១. កម្ចីសម្បទាន ចំនួន ៩៥ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ក្រសួងធនធានទឹក និងឧតុនិយម យកទៅអនុវត្ត៖
– ការធ្វើអនុត្តរភាពធារាសាស្ត្រ ចំនួន ០៦ ប្រព័ន្ធ គឺប្រព័ន្ធកង្ហត ប្រព័ន្ធស្ទឹងស្រែង ប្រព័ន្ធស្ទឺងជីក្រែង ប្រព័ន្ធស្ទឹងស្ទោង ប្រព័ន្ធបវេល-ខ្នាចរមាស និងប្រព័ន្ធត្រពាំងអំបិល ដែលត្រូវការថវិកាប្រមាណ ៤២,៥ លានដុល្លារសហរដ្ឋអាមេរិក ។
– ការងារស្តារព្រែក ចំនួន ២៧ ព្រែក ដែលនៅក្នុងនោះមាន ខេត្តកណ្តាល ចំនួន ១៦ ព្រែក ខេត្តព្រៃវែង ចំនួន ០៥ ព្រែក ខេត្តបាត់ដំបង ចំនួន ០៣ ព្រែក និងខេត្តបន្ទាយមានជ័យ ចំនួន ០៣ ព្រែក ដែលត្រូវការថវិកាប្រមាណ ៤២,៥៥ លានដុល្លារសហរដ្ឋអាមេរិក ។
២. ជំនួយឥតសំណង ចំនួន ០៩ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់អនុវត្តការងារ៖
– បន្តប្រមូល និងចងក្រងបញ្ជីសារពើភ័ណ្ឌប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា (២ លានដុល្លារសហរដ្ឋអាមេរិក) ។
– បន្តរៀបចំស្ថានីយឧតុនិយម និងស្ថានីយជលសាស្ត្រស្វ័យប្រវត្តិ (៣ លានដុល្លារសហរដ្ឋអាមេរិក) ។
– ការងារពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹក (១,៥ លានដុល្លារសហរដ្ឋអាមេរិក) ។
– ការបណ្តុះបណ្តាល និងការកសាងសមត្ថភាពមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម (១,៥ លានដុល្លារសហរដ្ឋអាមេរិក) ។
– សម្រាប់ការងារផ្សេងៗ (១ លានដុល្លារសហរដ្ឋអាមេរិក) ។
ជាថ្មីម្តងទៀតឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ទីភ្នាក់ងារអភិវឌ្ឍបារាំង ដែលបានវាយតម្លៃខ្ពស់ ចំពោះទស្សនវិស័យ និងកិច្ចការដែលក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងអនុវត្ត ។ ជាមួយនេះ និងដើម្បីជំរុញឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់លោកស្រី FRANCOISE CHARLIER ចាត់បញ្ជូននូវអ្នកបច្ចេកទេស មកប្រចាំការនៅក្រសួងធនធានទឹក និងឧតុនិយម ហើយសហការជាមួយមន្ត្រីបច្ចេកទេសរបស់ក្រសួង ដើម្បីសិក្សា វាយតម្លៃ និងកសាងឯកសារគម្រោង ។
ជាការឆ្លើយតប លោកស្រី FRANCOISE CHARLIER បានជម្រាបជូនលោករដ្ឋមន្ត្រីថា នេះគឺជារបៀបរបបធ្វើការងារមួយដែលឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ហើយលោកស្រី នឹងពិនិត្យលទ្ធភាពក្នុងការចាត់បញ្ជូនមន្ត្រីបច្ចេកទេស មកប្រចាំការនៅក្រសួងធនធានទឹក និងឧតុនិយម ។
គួររំលឹកជូនថា ក្នុងជំហានទី១ កន្លងមក (២០១៤-២០១៦) AFD បានផ្តល់នូវកម្ចីសម្បទាន ចំនួន ២៤ លានអឺរ៉ូ និង ១៤ លានដុល្លារសហរដ្ឋអាមេរិក ព្រមជាមួយជំនួយឥតសំណង ចំនួន ៤ លានអឺរ៉ូ ដល់ក្រសួងធនធានទឹក និងឧតុនិយម សម្រាប់អនុវត្តការស្តារប្រព័ន្ធធារាសាស្ត្រចំនួន ៩ កន្លែង និងព្រែក ចំនួន ៣៥ ព្រែក ៕ ហេង សូរិយា