ព័ត៌មានទាន់ហេតុការណ៍៖

បញ្ចប់ការជួសជុលកំពែងអង្គរធំប្រវែង៤៥ ម៉ែត្រនៅខ្លោងទ្វារដីឆ្នាំង

ចែករំលែក៖

ខេត្តសៀមរាប៖ កំពែងក្រុងអង្គរធំជ្រុងខាងជើងផ្នែកខាងកើតខ្លោងទ្វារដីឆ្នាំង ប្រវែង៤៥ម៉ែត្រ ដែលរងការខូចខាតដោយឥទ្ធិពលខ្យល់ព្យុះកេតសាណានាឆ្នាំ២០១១កន្លងមក បានជួសជុលរួចជាស្ថាពរហើយនៅខែកញ្ញា ឆ្នាំ២០១៦នេះ ដោយនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាននិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បន្ទាប់ពី បំពេញការងារអស់រយៈពេល៤ឆ្នាំ។

លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសនិងជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលរបស់ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន អង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរាបានប្រាប់ថា កំពែងប្រវែង៤៥ម៉ែត្រ នេះបានរងនូវការខូចខាតដោយសារកត្តាអាយុកាលរាប់រយឆ្នាំ អាកាសធាតុ ការ គំរាមកំហែងពីគ្រោះធម្មជាតិ ពិសេសឥទ្ធិពលនៃខ្យល់ព្យុះកេតសាណាកាលពីឆ្នាំ ២០១១។ ដោយមើលឃើញពីហានិភ័យ និងភាពទ្រុឌទ្រោមនៃរចនាសម្ព័ន្ធកំពែងប្រាសាទនៅឆ្នាំ២០១២អាជ្ញាធរជាតិអប្សរាក៏បានទល់ទ្រនិងថែទាំជាបន្តបន្ទាប់រហូតធ្វើការជួសជុលរួចជាស្ថាពរនៅពេលនេះ។

លោកបន្តទៀតថា ចំពោះការជួសជុល កំពែងនេះគឺធ្វើតាមបច្ចេកទេសបុរាណនិងរក្សានូវទ្រង់ទ្រាយដើមទាំងស្រុងដោយការរៀបថ្មតាមទីតាំងដើមចំពោះថ្មល្អ ឯថ្មណា ដែលពុកផុយប្រើការមិនកើតគឺជំនួសដោយថ្មថ្មី។ ចំណែកបាយអដែលបិទភ្ជាប់ថ្មបាយក្រៀមនិងជញ្ជាំងកំពែងគឺផ្សំឡើងដោយសមាសធាតុដូចជា ខ្សាច់ ដីឥដ្ឋ កម្ទេចថ្ម បាយក្រៀមម៉ដ្ឋដែលវាមានភាពស្អិតល្អ ពេលស្ងួតគឺរឹងមាំដូចបេតុងដូច្នោះដែរ។ បន្ថែមពីនោះ លោកបានអះអាងថា ជញ្ជាំងកំពែងដែលទើបជួសជុលថ្មីនេះនឹងមានភាពរឹងមាំយូរជាងសំណង់ចាស់ព្រោះពីបុរាណកំពែងនេះមានភាពស្តើងមុខកាត់ប្រវែងមួយម៉ែត្រ ហើយខាងក្នុងទប់ដោយដីអាច នៅបានជាង៨០០ឆ្នាំមកហើយ។ រីឯបច្ចេក ទេសថ្មីគឺក្រុមការងារបានថែមជញ្ជាំងមួយជាន់ទៀតពីខាងក្នុង ដូច្នេះនឹងអាចធ្វើឱ្យ ជញ្ជាំងនេះមានភាពរឹងមាំកាន់តែយូរ។ ក្នុងនោះដែរចំពោះការរៀបថ្ម ដាប់ថ្ម ជញ្ជូន ថ្ម ក៏មិនមានការប្រើគ្រឿងចក្រអ្វីដែរគឺប្រើកម្លាំងពលកម្មរបស់អាជ្ញាធរជាតិអប្សរា ចំនួន៧០នាក់។

លោក សុខនី ក៏បានបញ្ជាក់ទៀតថា បន្ទាប់ពីបញ្ចប់គម្រោងជួសជុលនេះក្រុមការងារនឹងបន្តភារកិច្ចថែទាំទប់ទឹកកុំឱ្យហូរច្រោះមកលើជញ្ជាំងកំពែងកាត់ក្រីមែកឈើនិងដកកូនឈើដែលដុះលើកំពែង។

លោក សូ នៅ អាយុ៥២ឆ្នាំ មានស្រុក កំណើតនៅភូមិស្រះស្រង់ជាប្រធានក្រុម កម្មករបានប្រាប់ថា លោកចូលមកធ្វើការងារនេះរយៈពេល៤ឆ្នាំហើយ ទទួលបន្ទុកផ្នែកដាប់ថ្មនិងរៀបថ្ម។ការងារនេះមិនពិបាកអ្វីទេព្រោះជាជំនាញស្រាប់វាគ្រាន់តែទាមទារការអត់ធ្មត់ការស្រឡាញ់និងយកចិត្ត ទុកដាក់តែប៉ុណ្ណោះ។ លោកក៏បានសម្តែងនូវក្តីសប្បាយរីករាយដែលបានចូលរួមចំណែកក្នុងការជួសជុលអភិរក្សបេតិកភណ្ឌដូនតាជូនកូនខ្មែរគ្រប់ជំនាន់ផងដែរហើយក៏សូមឱ្យកូនខ្មែរទាំងអស់ចេះ ស្រឡាញ់ថែរក្សាការពារនូវសម្បត្តិទាំងនេះឱ្យបាន គង់វង្សទុកជាមរតកដល់កូនចៅជំនាន់ក្រោយៗទៀត។

គួរបញ្ជាក់ផងដែរថា តាំងពីឆ្នាំ២០១២ មកដល់ពេលនេះអាជ្ញាធរជាតិអប្សរាបានជួសជុលកំពែងជញ្ជាំងអង្គរធំបានប្រវែងសរុប៨៣ម៉ែត្រហើយដូចជានៅទន្លេអុំប្រវែង១៦ម៉ែត្រ និងនៅខ្លោងទ្វារដីឆ្នាំងជ្រុង ឦសានប្រវែង៨ម៉ែត្រចំណុចកណ្តាល ប្រវែង៤៥ម៉ែត្រនិងខាងជើងឆៀងខាងកើតប្រវែង១៤ម៉ែត្រ៕
សហការី

 

33 fdr


ចែករំលែក៖