ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបាន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត នៅសណ្ឋាគារសុខាភ្នំពេញ។ និស្សិតដែលត្រូវទទួលសញ្ញាបត្រថ្ងៃនេះគឺមាន បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ដែលសរុបទាំងអស់គឺចំនួន ១,៦៩៤នាក់។
នៅព្រឹកមិញនេះ សម្តេចតេជោ បានមានប្រសាសន៍លើចំណុចសំខាន់ៗមួយចំនួនដូចជាះ-
១)-ទោះបីនិស្សិតយើងបានបញ្ចប់ការសិក្សាកម្រិតបរិញ្ញាហើយក្តី ក៏អាចនៅបន្តសិក្សាទៅមុខទៀត។ សូមនិស្សិតខិតខំរៀនរួមទាំងជំនាញបច្ចេកវិទ្យាជាដើម។សូមយកចំណេះដឹងចូលរួមកសាងជាតិអោយរីកចម្រើន។ សម្តេចតេជោបានលើកទឹកចិត្តនិងជំរុញអោយនិស្សិតខិតខំស្វែងរកការងារធ្វើជាបន្តទៀត ស្របពេលដែលបច្ចុប្បន្ននេះមានការងារជាច្រើនកំពុងរងចាំអ្នកដែលមានសមត្ថភាពពិតប្រាកដ។
២)-ទន្ទឹមនឹងកម្ពុជាកំពុងមានសុខសន្តិភាព ពិភពលោកក៏កំពុងជួបប្រជុំដោះស្រាយបញ្ហាប្រឈមមួយចំនួនដូចជាបញ្ហា សង្រ្គាមស៊ីវិល ភេរវកម្ម និងបម្រែបម្រួលអាកាសធាតុជាដើម។ ពេលនេះមេដឹកនាំពិភពលោកក៏កំពុងប្រជុំនៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ដើម្បីរួមគ្នាដោះស្រាយផ្តល់សច្ចាប័នលើការអនុម័តបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលកម្ពុជាយើងក៏បានចូលរួមយ៉ាងសកម្មផងដែរ រួមទាំងព្រះព្រះរាជវត្តមាននៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលព្រះអង្គបានយាងទៅចូលរួមនៅទីក្រុងប៉ារីសកាលពីពេលថ្មីៗកន្លងទៅនេះ។ យើងសង្ឃឹមថានៅថ្ងៃទី២៤ កញ្ញាខាងមុខនេះ កម្ពុជានឹងខិតខំខ្នះខ្នែងដើម្បីជំរុញការផ្តល់សច្ចារប័ន ដែលក្នុងនោះត្រូវឆ្លងកាត់រដ្ឋសភា និងព្រឺទ្ឋសភាអនុម័តផងដែរ។ ពិភពលោកទាំងមូលក៏កំពុងខិតខំដើម្បីជំរុញកិច្ចព្រមព្រៀងនេះអោយចូលជាធរមាននៅពេលឆាប់ៗខាងមុខនេះដើម្បីជាផលប្រយោជន៍សម្រាប់មនុស្សជាតិទាំងមូល។
៣)-សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ទោះបីរវល់យ៉ាងណាក៏ដោយ គឺមិនត្រូវបោះបង់សិទ្ធិក្នុងការបោះឆ្នោតនោះឡើយ។ ចំពោះកម្មករ កម្មការិនី អាចចុះឈ្មោះបោះឆ្នោត ជិតនៅកន្លែងធ្វើការរបស់ខ្លួន ឬនៅទីណាក៏បានអោយតែខ្លួនពេញចិត្ត។ ពេលនេះការចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេសកំពុងដំណើរការទៅយ៉ាងល្អប្រសើរ ស្របតាមកំណែទម្រង់នៃការបោះឆ្នោតជាកញ្ចប់ដែលទទួលបានការស្វាគមន៍ពីដៃគូមិត្តជប៉ុន និងពីគណបក្សនយោបាយនានានៅកម្ពុជាផងដែរ។
៤)- សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរអំពីកំណើនទិន្នផលស្រូវ និងតម្លៃស្រូវធ្លាក់ចុះ។ កម្ពុជាកាលពីមុនគឺយើងខ្វះស្បៀង តែក្រោយពីប្រទេសយើងមានសុខសន្តិភាព គឺកម្ពុជាសម្បូរស្រូវ។ សម្តេចតេជោ ធ្លាប់មានប្រសាសន៍ ថា “ ស៊ូច្រូតស្រូវក្នុងទឹក ប្រសើរជាងអត់ស្រូវច្រូត” ដែលពេលនេះគឺ យើងកំពុងទទួលផលសម្បូរស្រូវយ៉ាងច្រើន ដែលទាមទារទីផ្សារបរទេស។
សម្តេចតេជោ ហ៊ុន សែន អរគុណដល់ រដ្ឋមន្រ្តី រដ្ឋលេខាធិការ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុនឯកជន ដែលបានចូលរួមក្នុងយុទ្ឋនាការចុះជួយ ទិញស្រូវពីប្រជាពលរដ្ឋ។ សូមអ្នកដែលបានជួយទិញស្រូវពីប្រជាពលរដ្ឋទាំងអស់ បើបានទិញហើយសូមជួយចាត់ចែងដឹកស្រូវចេញទីតាំងនោះយកមផ្ទះ ឬក៏ចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ដើម្បីចៀសវាងកុំអោយមានបញ្ហាដដែលបន្តកើតមានទៀត ព្រោះថាឡសម្ងួត និងម៉ាស៊ីនកិនស្រូវនៅតាមតំបន់មួយចំនួនទាំងនោះ គឺមានសមត្ថភាពអាចសម្ងួត និងកិនស្រូវបានបរិមាណតិចមានកម្រិតនៅឡើយ។ សម្តេចតេជោបានបញ្ជាក់ថា “ អង្ករខ្មែរឆ្ងាញ់ណាស់ ! “ សូមបងប្អូនយើងចូលរួមជួយទិញអោយបានច្រើនថែមទៀត។
៥)- នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន អ្នករត់ឡានតាក់ស៊ី សូមកុំតម្លើងថ្លៃ។ ទន្ទឹមនឹងនេះ សូមបងប្អូនម្ចាស់យានយន្ត បើកបរដោយយកចិត្តទុកដាក់ យោគយល់អធ្យាស្រ័យ និង គោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នា ។
សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត ឬទៅធ្វើបុណ្យនៅតំបន់នានាក្នុងឱកាសបុណ្យកាន់បិណ្ឌ ក៏ដូចជាបុណ្យភ្ជុំបិណ្ឌ សូមមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើង ហើយនាំអោយមានការសោកស្តាយអស់មួយជីវិត៕