ព័ត៌មានទាន់ហេតុការណ៍៖

ចង់ឆ្លុះត្រី និងកង្កែបយកធ្វើម្ហូបត្រូវរន្ទះបាញ់ប្រល័យសង្ខារទាំងកណ្ដាលយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអធ័មនៅក្នុងទឹកទាំងផ្កាប់មុខ ខណៈហេតុតែចង់ទៅឆ្លុះត្រីដើម្បីទុកធ្វើម្ហូប ចៃដន្យអាក្រក់ ក៏ត្រូវរន្ទះបាញ់បន្ទាប់ពីមានភ្លៀងស្រិចៗ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិព្រៃស្ទៀង ឃុំស្វាយតាយានស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា បុរសដែលត្រូវរន្ទះបាញ់ស្លាប់មានឈ្មោះ ខៀវ សុខ ភេទប្រុស អាយុ៣៤ឆ្នាំ  រស់នៅភូមិ វាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខណៈមកលេងផ្ទះបងប្អូននៅឯកន្លែងកើតហេតុ។.

បើតាមក្រុមគ្រួសារជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ ខណៈសម្រាន្តលង់លក់ស្រាប់តែមានមេឃរលឹម លាយឡំនឹងខ្យល់ផ្លេកបន្ទោរធ្វើឲ្យបុរសខាងលើ ក្រោកពីដំណេក និងបានកាន់ពឹលជាមួយស្នរ ដើម្បីយកត្រី កង្កែបទុកធ្វើម្ហូបនៅថ្ងៃស្អែក ព្រោះគាត់មកលេងផ្ទះបានមួយយប់ប៉ុណ្ណោះ ។

ប្រភពបន្តថា ក្រោយពីចេញទៅវាលស្រែខាងមខផ្ទះបានប្រមាណ១០នាទី ស្រាប់តែលឺសូសំលេងរន្ទះបាញ់ប្រ៉ាវ ហើយក៏ស្ងាត់រហូតជាងមួយម៉ោងមិនឃើញត្រឡប់មកផ្ទះ ធ្វើអោយបងប្អូនមានការសង្ស័យក៏ដាស់គ្នាចេញដើររកនៅវាលស្រែ ស្រាប់តែប្រទះឃើញជនរងគ្រោះដេកផ្កាប់មុខ ក្នុងទឹកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង ។ លុះព្រឹកឡើង សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញមកពិនិត្យសាកសពពិតជាស្លាប់ដោយរន្ទះបាញ់មែន ។

សាកសពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ យឹម សុថាន

asd-2 asd-1 asd asd-3


ចែករំលែក៖