ព័ត៌មានទាន់ហេតុការណ៍៖

បុរសគថ្លង់ម្នាក់រងរបួសបាក់ភ្លៅ បន្ទាប់ពីបើកម៉ូតូក្នុងស្ថានភាពស្រវឹងរេចង្កូតបុកគោយន្តកន្ត្រៃ

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសគថ្លង់ម្នាក់ទទួលរងរបួសបាក់ភ្លៅខាងស្តាំយ៉ាងធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យប្រទេសវៀតណាម បន្ទាប់ពីបុរសរូបនេះបើកម៉ូតូបោះពួយក្នុងស្ថានភាពស្រវឹងរេចង្កូតទៅបុកគោយន្តកន្ត្រៃបើកច្រាស់ទិសគ្នា កាលពីវេលាម៉ោង១០និង២៥នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ២១បេ ស្ថិតក្នុងភូមិព្រែកប្រធាតុ ឃុំព្រែកស្ដី ស្រុកកោះធំ ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា គោយន្តកន្ត្រៃបើកបរដោយឈ្មោះ កុយ ទូច ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ ដឹកឫស្សីលក់ មានទីលំនៅភូមិពោធិ៍ត្បែង ឃុំនិទាន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ចំណែកឯបុរសគថ្លង់រងរបួសបាក់ភ្លៅខងស្តាំនោះឈ្មោះ ឆឺយ សារ៉េត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅក្នុងភូមិពោធិ៍រាម្មា ឃុំព្រែកស្តី ស្រុកកោះធំ ជិះម៉ូតូម៉ាកហុងដាគុបជ្រុង ធុនសេ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ1AL-4852 ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះសាក្សីបានឃើញបុរសគថ្លង់មានសភាពស្រវឹងស្រា បើកម៉ូតូយ៉ាងលឿនតាមបណ្តោយផ្លូវជាតិលេខ២១បេ ក្នុងទិសដៅពីជើងទៅត្បូង(ពីស្រុកស្អាងឆ្ពោះទៅស្រុកកោះធំ) ។ លុះបើកដល់ចំណុចកើតហេតុទំនងជាបាត់បង់ម្ចាស់ការក្នុងការបើកបរ ទើបបណ្តាលឲ្យរេចង្កូតចូលទៅបុកគោយន្តកន្ត្រៃដែលបើកបរច្រាស់ទិសគ្នាពេញមួយទំហឹង ធ្វើឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកកោះធំបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយភាគីម៉ូតូបើកបរក្នុងស្ថានភាពស្រវឹង មិនប្រកាន់ស្តាំរេចង្កូតទៅបុកគោយន្តកន្ត្រៃដែលកំពុងបើកបរប្រកាន់ស្តាំ ។ បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកកោះធំ ធ្វើការដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

aes-3 aes-2 aes-1 aes


ចែករំលែក៖