ភ្នំពេញ៖ បុរសអ្នករត់តាក់ស៊ីម្នាក់បានប្រើភាសាស្នេហាយ៉ាងផ្អែមល្ហែមលួងលោម តាមសុំស្រឡាញ់នារីជាអ្នកបកប្រែភាសាចិនម្នាក់រហូតនាងលង់ស្នេហ៍។ តែទីបំផុត នាងលង់ទាំងប្រាណ អស់ទាំងលុយ ហើយត្រូវបុរសជាគូស្នេហ៍រុញទម្លាក់ពីលើរថយន្ត បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវបេតុង ភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ។
ស្ត្រីដែលចាញ់បោកប្រុសស្នេហ៍អស់ ខ្លួនប្រាណហើយអស់លុយទៀតនោះ អាយុ៣០ឆ្នាំ មុខរបរអ្នកបកប្រែភាសាចិន ស្នាក់នៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកប្រុសស្នេហ៍ មានឈ្មោះ ឈុំ សេង អាយុ៣៨ឆ្នាំ មុខរបរ បើករថយន្តតាក់ស៊ី រស់នៅជាមួយគ្នា មាន ស្រុកកំណើតនៅខេត្តកំពត។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹង ថា ខណៈដែលកម្លាំងនគរបាលល្បាតក្នុង មូលដ្ឋានមកដល់ចំណុចកើតហេតុខាង លើស្រាប់តែឃើញមានរថយន្ត១គ្រឿង ម៉ាកកាមរីបាឡែន ពណ៌ស ជិះគ្នា២នាក់ ស្រីម្នាក់ ប្រុសម្នាក់ បានធ្វើដំណើរតាមផ្លូវ បេតុង ហើយពួកគេទាំង២នាក់បានឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃក។ បន្ទាប់មក នារីរងគ្រោះត្រូវបុរសជាប្តីរុញទម្លាក់ពីលើ រថយន្ត តែពេលឃើញបែបនេះសមត្ថកិច្ច ទៅដល់ក៏បាននាំអ្នកទាំង២នាក់ទៅសួរនាំ នៅប៉ុស្តិ៍នគរបាលចោមចៅ។
តាមប្រភពព័ត៌មានពីស្ត្រីខាងលើបាន បង្ហើបប្រាប់នគរបាលប៉ុស្តិ៍ចោមចៅឲ្យដឹង ថា រយៈពេល២ឆ្នាំមកហើយគឺពេលដែល នាងទើបនឹងត្រឡប់មកពីធ្វើការនៅប្រទេស ចិនវិញក៏បានជួបនឹងប្រុសស្នេហ៍របស់នាង ហើយគាត់បានលួងលោមសំុស្រឡាញ់ដោយ អះអាងថា គេជាបុរសពោះម៉ាយ។ បុរស នេះបានតាមសុំស្នេហ៍រហូតនាងធ្លាក់ក្នុង អន្លង់ស្នេហារស់នៅជាមួយគ្នាជាប្តីប្រពន្ធ បានរយៈពេល១ឆ្នាំ ទើបបានបែកធ្លាយដឹង ថា ប្រុសស្នេហ៍មានប្រពន្ធរួចទៅហើយ។ តែឲ្យប្រពន្ធរស់នៅស្រុកកំណើតទុកឲ្យ បុរសនេះនៅភ្នំពេញបោកបញ្ឆោតយកកាយ និងទ្រព្យនាង។
ប្រភពដដែលបន្តទៀតថា ពេលដែល ដឹងថា ប្រុសស្នេហ៍មានប្រពន្ធរួចទៅហើយ រូបគាត់ឈឺចិត្តក៏មានបំណងដោះដៃវិញ ដែរ ប៉ុន្តែដោះចេញមិនរួច ដោយសារតែ ប្រុសព្រានពូកែលួងលោមតាមស្រឡាញ់ ប្រើពាក្យផ្អែមល្ហែម ហើយមិនត្រឹមតែបោក យកខ្លួនប្រាណទេ ថែមទាំងលួងលោម បោកខ្ចីលុយអស់ជិត៤ពាន់ដុល្លារ ហើយ មិនព្រមសងវិញទៀតផង។
ប្រភពបញ្ជាក់ថា នៅយប់កើតហេតុ ខណៈពេល ដែលពួកគាត់ទាំង២នាក់កំពុង តែជិះរថយន្តជាមួយគ្នាបានឈ្លោះប្រកែក គ្នារឿងលុយ ដោយសារតែនាងបានទារ លុយពីប្តីចំនួន៤ពាន់ដុល្លារវិញ ធ្វើឲ្យប្រុស ស្នេហ៍ខឹងក៏រុញនាងទម្លាក់ពីលើរថយន្ត ហើយនៅបន្តឈ្លោះប្រកែកគ្នាតាមផ្លូវទៀត ក៏បានជួបកម្លាំងដែលគយល្បាតបាននាំទៅ សួរនាំនៅប៉ុស្តិ៍នគរបាលចោមចៅតែម្តង។
បន្ទាប់ពីសួរនាំដឹងរឿងហើយ ស្ត្រីដែល ជាជនរងគ្រោះបានសុំឲ្យនគរបាលប៉ុស្តិ៍ ចោមចៅជួយធ្វើកិច្ចសន្យាសងលុយ និង ឈប់ប្រើហិង្សាដាក់នាង ប៉ុន្តែដោយសារ តែមិនមែនជាតួនាទីរបស់សមត្ថកិច្ចនោះ សមត្ថកិច្ចរុញទៅសាលាសង្កាត់ចោមចៅ ជាអ្នកធ្វើវិញ។ ទីបំផុតប្រុសព្រានបានលួង លោមដឹកដៃស្ត្រីខាងលើឡើងជិះរថយន្ត ចេញទៅបាត់៕ ហេង នរិន្ទ្រ