ខេត្តរតនគិរី៖ មនុស្សម្នាក់បាន ស្លាប់ដោយសារទៅជីកត្បូងនៅស្រុកបកែវ ហើយត្រូវដីបាក់សង្កក់ពីលើ ។
លោក ជួប វណ្ណារក្ស អធិការនគរបាលស្រុកបកែវ បានឲ្យដឹងថា នៅវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ មានករណីអ្នកជីកត្បូង ម្នាក់មិនប្រយ័ត្ន ត្រូវដីបាក់សង្កត់ពីលើ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
លោកថា ជនរងគ្រោះមានឈ្មោះ រមាម ភួយ ភេទប្រុស អាយុ ២៥ឆ្នាំជនជាតិទំពួន មានទីលំនៅភូមិត្រុំ ឃុំឡាមិញ ស្រុកបកែវ ខេត្តរតនគិរី ដោយគាត់ទៅជីកត្បូងក្នុងដីចំការកៅស៊ូ លោក វិនស្ថិតក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
បន្ទាប់ពីបានធ្វើកោសល្យវិច័យរួចមក នគរបាលស្រុកបកែវ បានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិច ៕ វុទ្ធឦសាន