ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានលី ពូថៅទៅកាប់បណ្តាលឲ្យស្ត្រីម្នាក់របួស ធ្ងន់ហើយបានស្លាប់នៅក្នុងគ្លីនិកឯកជន មួយនិង២នាក់ទៀតរងរបួសធ្ងន់។ ករណីមនុស្សឃាតដ៏សាហាវនេះបានកើតកាលពីវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងចំណុច បរិវេណដីជនរងគ្រោះក្នុងក្រុមទី៥ ភូមិ ត្រពាំងស្អុយ១ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ក្រោយបង្កហេតុភ្លាម បុរសជាជនដៃដល់ត្រូវបានក្រុមប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាដេញព័ន្ធចាប់បាន ភ្លាមៗនិងដកហូតបានពូថៅមួយផងបញ្ជូនទៅប្រគល់ឲ្យសមត្ថកិច្ច ខណៈដែលជនសង្ស័យស្ថិតក្នុងអាការស្រវឹងស្រាខ្លាំងផង។
មន្ត្រីកងរាជអាវុធហត្ថមូលដ្ឋានស្រុកព្រៃនប់បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ផាន់ ចាន់ឌី ភេទប្រុស អាយុ៣០ឆ្នាំ មុខ របរកសិករទីលំនៅក្បែរចំណុចកើតហេតុ។ ដោយឡែកជនរងគ្រោះរបួសធ្ងន់ដែលត្រូវជនដៃដល់កាប់រហូតដល់ស្លាប់ឈ្មោះ ឈួន ស្រីល័ក្ខ ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ កសិករ ស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនក្នុងស្រុកព្រៃនប់ ។ ចំណែក អ្នករបួសធ្ងន់មាឈ្មោះ យ៉ូង ឆាយ ភេទ ប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងក្រឡឹង និង ឈ្មោះ ឆាយ ដាលីន ភេទស្រី អាយុ១៥ឆ្នាំ (ត្រូវជាកូនបង្កើតរបស់ឈ្មោះយ៉ូង ឆាយ) បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបញ្ជូនទៅព្យាបាលនៅភ្នំពេញ ។
ពាក់ព័ន្ធនឹងករណីប្រើហិង្សាយកពូថៅកាប់ចិញ្ច្រាំមនុស្សគ្មានញញើតដៃនេះត្រូវបានសមត្ថកិច្ចសន្និដ្ឋានថាអាចជារឿងគំនុំ ខណៈដែលបុរសរងគ្រោះឈ្មោះ យ៉ូង ឆាយ បាននិយាយប្រាប់សមត្ថកិច្ចនៅគ្លីនិកថា មុនពេលមានហេតុដេញកាប់ប្រហារនេះជនសង្ស័យបានដើរមកឈប់មុខផ្ទះគាត់ដោយមានអាការស្រវឹងស្រាជោកហើយបាននិយាយជាមួយគាត់ដោយមិនដឹងរឿង ។ នៅពេលនិយាយគ្នានោះបានតែប៉ុន្មានម៉ាត់ក៏ឈ្លោះប្រកែកគ្នាជាពាក្យសម្តីបន្ទាប់មកជនសង្ស័យបានដើរទៅផ្ទះនៅក្បែរនោះបាត់ទៅ ។
ជនរងគ្រោះបានប្រាប់សមត្ថកិច្ចទៀតថាពេលឃើញជនសង្ស័យដើរចូលផ្ទះដូច្នេះគាត់ក៌ដើរចូលក្នុងផ្ទះដែរតែចូលផ្ទះមិនទាន់ផុតផងក៏ក្រឡេកមើលក្រោយស្រាប់តែឃើញជនសង្ស័យឈ្មោះ ផាន់ ចាន់ឌី លីពូថៅរត់ចូលមកផ្ទះគាត់ធ្វើសកម្មភាពដេញកាប់គាត់និងគ្រួសារគាត់បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរតែម្តង ។
សមត្ថកិច្ចបានឲ្យដឹងថា ពេលនេះដៃដល់សមត្ថកិច្ចកំពុងសួរនាំដើម្បីរកមូលហេតុពិតនៅពីក្រោយករណីមនុស្សឃាតនេះ ៕ ឆ្លាមសមុទ្រ