ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍៤លើករបួសធ្ងន់ស្រាល៣២នាក់នៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្ស ក្មេង ចាស់ ប្រុស ស្រីចំនួន៣២នាក់ បានរងរបួសធ្ងន់ ស្រាល និងខូចខាតមធ្យោបាយម៉ូតូ រថយន្តជាច្រើនគ្រឿងផងដែរ ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន០៤លើកផ្សេងគ្នា នៅខេត្តពោធិ៍សាត់ ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យរងរបួសធ្ងន់ ស្រាល និងខូចខាតទ្រព្យសម្បត្តិ យ៉ាងសម្បើមនេះ  ត្រូវបានសមត្តកិច្ចនគរបាលក្រុងពោធិ៍សាត់ប្រាប់ថានៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ មានរថយន្តសេរីទំនើបៗ បុកបន្តគ្នាខណៈកំពុងធ្វើដំណើរស្របទិសគ្នាពី(កើតទៅលិច) បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងធ្លាក់ចូលស្នាមភ្លោះផងដែរ ប៉ុន្តែពុំមានអ្នករងរបួសនោះទេ គ្រាន់តែព្រលឹងចុងសក់ប៉ុណ្ណោះ ។

ប្រភពព័ត៌មានពីសមត្តកិច្ចខាងលើបន្តទៀតថា លុះមកដល់យប់ថ្ងៃខែដដែលនៅលើកំណាត់ផ្លូវកៅស៊ូលេខ ១៥៥ ស្ថិតក្នុងភូមិ-សង្កាត់រលាប ក្រុងពោធិ៍សាត់ដដែល មានគ្រោះថ្នាក់ចរាចរណ៍មួយលើកទៀត ដោយរថយន្តម៉ាកកាមរី ពណ៏ស្លែ ពាក់ស្លាកលេខ 2A 1493 បុកម៉ូតូ បណ្ដាលឲ្យរបួសធ្ងនម្នាក់់(បាក់ដៃផងបាក់ជើងផង) និងស្រាលម្នាក់ ហើយករណីខាងលើនេះ សមត្ថកិច្ចបានបញ្ជូនជនរងរបួសទៅមន្ទីរពេទ្យ និងយកវត្ថុតាងទៅរក្សាទុករង់ចាំដោះស្រាយគ្នាជាក្រោយ ។

ដោយឡែកសមត្ថកិច្ចនគរបាលស្រុកក្រគរបានឲ្យដឹងដែរថា នៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានគ្រោះថ្នាក់ចរាចរណ៍ផងដែរបង្កឡើងដោយម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1C 7799 បានបុកម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យអ្នកបើកបរម៉ូតូខ្លួនឯងរបួសស្រាល និងអ្នករួមដំណើរ០២នាក់របួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ចំណែកវត្ថុតាងម៉ូតូ និងម៉ូតូសណ្ដោងរ៉ឺម៉ករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឈើតុំដើម្បីរង់ចាំដោះស្រាយគ្នា ។

ប្រភពព័ត៌មានពីសមត្ថកិច្ចខាងលើដដែលបន្តទៀតថា លុះមកដល់ល្ងាចថ្ងៃទី០១ ខែតុលាដដែលនោះដែរ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកទៀត បង្កឡើងដោយរថយន្តម៉ាកទីតាន់ ពណ៌ខៀវ ពាក់ស្លាកលេខ ពោធិសាត់ 2A 0831 បើកបរដោយឈ្មោះ សំ ផែន ភេទប្រុស អាយុ ៥០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទួលអណ្ដែត ឃុំស្វាយស ស្រុកក្រគរ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចខាងត្បូងស្ពានយោកចម្ងាយប្រមាណ០១គីឡូម៉ែត្រ បានក្រឡាប់ចូលស្នាមភ្លោះបណ្ដាលឲ្យរងរបួសធ្ងន់ស្រាលចំនួន២៧នាក់ថែមទៀត ។

ប្រភពបញ្ជាក់បន្ថែមទៀតថា អ្នករងរបួសទាំង២៧នាក់ខាងលើនេះ មានទីលំនៅជាមួយបុរសបើកបររថយន្តបង្កនោះដែរ ហើយក្នុងចំណោមអ្នករបួសទាំង២៧នាក់មាន១៩នាក់របួសធ្ងន់ បញ្ជូនទៅសង្រ្គោះនៅរាជធានីភ្នំពេញ ចំណែកអ្នករបួសស្រាល៨នាក់បញ្ជូនទៅមន្ទីរខេត្ត ហើយវត្ថុតាងរថយន្តសមត្តកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឈើតុំ ដើម្បីរងចាំដោះស្រាយគ្នាតាមនីតិវិធី ៕ បឹុម ពិន

 

553 00 0 1 2 3 4 5 6 7 8 9 33 43 54 55 77 88 435

 


ចែករំលែក៖