ខេត្តមណ្ឌលគិរី៖ តាមមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានឲ្យដឹងថា ជន សង្ស័យជាឃាតកសម្លាប់ស្ត្រីម្នាក់នៅក្នុងចម្ការ ហើយសាកសពត្រូវបានគេប្រទះ ឃើញក្នុងសភាពអាក្រាតកាយនិងហើមទៅហើយនោះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ហើយជនដៃដល់បានសារភាពថា រូបគេពិត ជាបានសម្លាប់ស្រ្តីរងគ្រោះមែន ប៉ុន្តែមិន បានរំលោភនោះឡើយ ។
មន្ត្រីដដែលបានឲ្យដឹងទៀតថា ជន សង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ទី តៃ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិអូររអាម ឃុំស្រៃ ខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ជន សង្ស័យបានសារភាពថា ខ្លួនគេពិតជាបានសម្លាប់ស្ត្រីរងគ្រោះមែនតែមិនបានរំលោភទេ រីឯខោអាវរបស់ស្ត្រីរងគ្រោះស្រាតនិងសើយឡើងលើនោះគឺដោយសារការប្រតាយប្រតប់គ្នានិងអូសទៅវារបូតប៉ុណ្ណោះ ។
ទាក់ទិននឹងការចាប់ខ្លួនជនសង្ស័យជាឃាតករសម្លាប់មនុស្សយ៉ាងសាហាវនេះ លោកអធិការនគរបាលស្រុកកែវសីមា ស៊ុន ប៊ុនធឿន អ្នកព័ត៌មាននគរវត្តមិនអាចរកការពន្យល់បានទេដោយសារទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន។
លោក សូរ សុវណ្ណ ស្នងការរងនគរ បាលខេត្តមណ្ឌលគិរីទទួលបន្ទុកព្រហ្មទណ្ឌ បានប្រាប់ឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃ ទី៤ ខែតុលា ឆ្នាំ២០១៦ គ្រាដែលលោក កំពុងជាប់ប្រជុំគណៈបញ្ជាការឯកភាពថា កម្លាំងសមត្ថកិច្ចពិតជាបានចាប់ខ្លួនជន សង្ស័យម្នាក់ដែលបានសម្លាប់ស្ត្រីរងគ្រោះនោះមែន ហើយពេលនេះសមត្ថកិច្ចជំនាញ កំពុងសាកសួរ និងតាមចម្លើយជនសង្ស័យបានសារភាពថា ការណ៍ដែលគេសម្លាប់ស្ត្រីរងគ្រោះជាបង ថ្លៃព្រោះតែស្ត្រីរងគ្រោះស្រវឹងស្រា ហើយជេរម្រ៉ាយរូបគេធ្វើឲ្យគេខឹងក៏វាយចំគល់កចំនួន៣ដៃបណ្តាលឲ្យសន្លប់។ បន្ទាប់មកគេក៏បានវាយចំនួន៣ ឈើជ្រុងទៀតបណ្តាលឲ្យស្លាប់រួចក៏អូសសាកសពយកទៅចោលតែម្តង ។
គួររំលឹកថា កាលពីវេលាម៉ោងប្រមាណ ២និង១០នាទីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ ២០១៦ គេបានប្រទះឃើញសពស្ត្រីម្នាក់ស្លាប់នៅកណ្តាលចម្ការ ស្ថិតក្នុងភូមិអូរ រអាម ឃុំស្រែខ្ទុម ស្រុកកែវសីមាដោយមាន សភាពហើមស្អុយ និងអាក្រាតកាយហើយត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា ស្ត្រីរងគ្រោះ ត្រូវបានឃាតករចាប់រំលោភរួចសម្លាប់ជាក្រោយ ។ ការណ៍ដែលសមត្ថកិច្ចសន្និដ្ឋានដូចនេះ ព្រោះសាកសពស្ត្រីរងគ្រោះឃើញស្រាតខោដល់កជើងនិងសើយអាវឡើងលើព្រមទាំងមានស្លាមរឹតក ។
ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ក្រែត ស្រីមុំ អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មាន ស្រុកកំណើត នៅភូមិថ្មហាល ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ មានមុខរបរជា កសិករដែលបាត់ខ្លួនកាលពីថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០១៦៕ ថារិទ្ធ