ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសម្នាក់អាយុ២ឆ្នាំ បានលង់ទឹកប្រឡាយស្លាប់ ខណៈដែលក្មេងរងគ្រោះរត់ទៅតាមម្តាយបោកខោអាវនៅមាត់ប្រឡាយទឹកខាងមុខផ្ទះប្រហែល២០ម៉ែត្រ។សាកសពក្មេងរងគ្រោះត្រូវបានអ្នកភូមិនិងក្រុមគ្រួសារចំណាយពេលេរហូតដល់ជិត២ម៉ោងទើបរកឃើញសាកសពអណ្តែតជាប់និងគុម្ពប្ញស្សី។ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិផាស៊ីស្រា ឃុំប្ញស្សក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុប្រាប់ឱ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះ សារិម ភុយ អាយុ២ឆ្នាំ ដែលមានឪពុកឈ្មោះ ឱ ប៉ាវ អាយុ២៥ឆ្នាំ ម្តាយឈ្មោះ សៅ ឆៃ អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ មុនពេលកើតហេតុគឺក្មេងរងគ្រោះ បានទៅតាមម្តាយបោកខោអាវនៅចំណុចមាត់ប្រឡាយខាងមុខផ្ទះក្មេងរងគ្រោះតែម្តង។បន្ទាប់មកម្តាយរវល់ បោកគក់ខោអាវមិនចាប់អារម្មណ៍មើលកូន ស្រាប់តែកូនរអិលជើងធ្លាក់ចូលកន្លែងទឹកជ្រៅ ហូរកួច លិចក្មេងប្រុសបាត់។ភ្លាមនោះម្តាយបានឃើញក៏ស្ទុះចុះទៅរាវរកកូននោះដែរប៉ុន្តែ រាវរកមិនឃើញ ក៏រត់ទៅស្រែកហៅអ្នកភូមិឱ្យមកជួយរាវរកក្មេងរងគ្រោះនោះផងដែរ ។ក៏ប៉ុន្តែ មិនអាចជួយបាននោះទេ សាកសពក្មេងរងគ្រោះត្រូវបានគេប្រទះឃើញទឹកហូរកួចជាប់ក្រោមគុម្ពប្ញស្សី ក៏ត្រូវបានអ្នកភូមិស្រង់ដាក់លើគោក សមត្ថកិច្ចធ្វើការត្រួតពិនិត្យតាមជំនាញក្មេងរងគ្រោះពិតជាលង់ទឹកស្លាប់នោះមែន។
ក្រោយពីសមត្ថកិច្ចពិនិត្យសាកសពរួចហើយ ក៏បានប្រគល់ឱ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
ពាក់ព័ន្ធក្មេងលង់ទឹកស្លាប់នេះផងដែរ លោកវរសេនីយ៍ទោ ស៊ី ឌី អធិការនគរបាល ស្រុកមង្គលបុរីប្រាប់ឱ្យដឹងថា ករណីនោះ គឺជាការធ្វេសប្រហែសរបស់អាណាព្យាបាល លោកក៏សូមអំពាវនាវឱ្យប្រជាពលរដ្ឋដែលជាអាណាព្យាបាលទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន ចំពោះកូនតូចៗ រដូវនេះជារដូវទឹកជន់លិច ដែលជាបញ្ហាប្រឈមចំពោះកុមារតូចនាំគ្នាទៅលេងទឹក នៅពេលអាណាព្យាបាលពុំបានមើលថែទាំកូនឱ្យបានល្អនោះ ៕ សំ វិច្ឆិកា