ខេត្តកណ្តាលៈ ក្មេងស្រីអាយុ១០ឆ្នាំទទួលរងការចាប់រំលោភជាច្រើនលើក ច្រើនសារ ពីសំណាក់លោកអ៊ុំសាច់ថ្លៃ ចាប់តាំងពីអំឡុងចុងឆ្នាំ២០១៥រហូតដើមឆ្នាំ២០១៦ ទើបបែកធ្លាយ ។ លោកអ៊ុំល្មោភកាមត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយនគរបាលស្រុកខ្សាច់កណ្តាលនាំខ្លួន កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ខណៈកំពុងនៅលំនៅដ្ឋាន តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ០២៤ ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ របស់លោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ។
មន្ត្រីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនិតិជនខេត្តកណ្តាលបានឲ្យដឹងថា ជនត្រូវចោទឈ្មោះ នាង ប៊ុនធឿន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្នរស់នៅផ្ទះខាងប្រពន្ធស្ថិតក្នុងភូមិពុកឬស្សីកណ្ដាល ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ។ ជននេះបានធ្វើសកម្មភាពចាប់ក្មេងស្រីឈ្មោះ គ សដល អាយុ១០ឆ្នាំ រហូតបានសម្រេចជាច្រើនលើក ច្រើនសារតាំងពីអំឡុងចុងឆ្នាំ២០១៥ និងដើមឆ្នាំ២០១៦ ទើបបែកធ្លាយនៅអំឡុងខែកញ្ញា ឆ្នាំ២០១៦។
ប្រភពដដែលបានបន្តថា ក្រោយពីបែកធ្លាយស្ត្រីជាម្តាយ និងសាច់ញាតិ បាននាំក្មេងស្រីរងគ្រោះមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចនគរបាលខេត្តកណ្តាលជួយអន្តរាគមន៍ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ។ ក្រោយពីសាកសួរក្មេងស្រីរងគ្រោះរួចមក សមត្ថកិច្ចនគរបាលជំនាញបានកសាងសំណុំរឿង និងសាវតាជាតិជនង្ស័យឈ្មោះ នាង ប៊ុនធឿន បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល រហូតលោក លឹម សុគន្ថា ចេញដីកាបញ្ជាឲ្យជនត្រូវចោទចូលខ្លួន ។
នៅចំពោះមុខសមត្ថកិច្ចជនត្រូវចោទមិនព្រមសារភាពនោះទេ គេបានបដិសេធន៍រាល់ការចោទប្រកាន់របស់ក្មេងស្រីរងគ្រោះ ។ ទោះជាយ៉ាងណាជនត្រូវចោទខាងលើនេះត្រូវបានត្រៀមបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលនៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ