ភ្នំពេញ៖ រថយន្តព្រូសមួយគ្រឿង បានបើកបរក្នុងល្បឿនលឿន ហើយទៅបុកគល់ស្ពានអាកាស៥ មករាពេញទំហឹង បណ្ដាលឲ្យរថយន្តរង ការខូចខាតយ៉ាងដំណំ និងបុរស ម្នាក់ជាម្ចាស់រថយន្តបង្កនោះ បានរងរបួសធ្ងន់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង០០និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅជាប់ គល់ស្ពាន៥មករា ផ្នែកខាងលិច សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនោះគឺ រថយន្តបង្កម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK.6885 ដែលបើកបរ ដោយបុរសម្នាក់ បានធ្វើដំណើរតាម បណ្ដោយផ្លូវសហព័ន្ឋរុស្សីុ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមក ដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែជ្រុលចង្កូតទៅបុក គល់ស្ពានអាកាស៥មករា ពេញទំហឹងតែម្ដង បណ្ដាលឲ្យអ្នកបើកបររថយន្តខ្ទាតផ្ទុបទៅបុកជាមួយកញ្ចក់រងរបួសបែកក្បាល ហើយរថយន្តបង្ក បានរងការខូចខាតមួយចំហៀងខាងមុខផ្នែកខាងឆ្វេងទៅមុខលេងរួច ។
ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីកើតហេតុរួច បុរសដែល ជាម្ចាស់រថយន្តបង្កហើយរងរបួសបែកក្បាលនោះ បានចុះពីលើរថយន្ត ឡើងរថយន្តតាក់សីុម៉ែត្រទៅមន្ទីរពេទ្យព្យាបាលរបួស ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅជំនាញ់ចរាចរណ៍ឲ្យចុះមកវាស់វែង យករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕ ជីម ភារ៉ា ដង្កោ