ខេត្តកំពង់ចាម:កម្លាំងជំនាញរបស់ការិយាល័យប្រឆាំងគ្រឿងញៀន កម្លាំងអធិការក្រុងកំពង់ចាម កម្លាំងអធិការនគរបាលស្រុកស្រីសន្ធរ និងកម្លាំងអធិការស្រុកបាធាយ ចុះបង្ក្រាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០៣ករណីឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ស្រី៥នាក់ ។
ប្រតិបត្តការនេះធ្វើឡើងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ កម្លាំងជំនាញរបស់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរៈសេនីយ៍ឯក សោម រស់ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានប្រើប្រាស់ជំនាញចុះបង្ក្រាបករណីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ស្រី ១.ឈ្មោះ អុក កញ្ញា ហៅឡី ភេទស្រី អាយុ៣២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ ២.ឈ្មោះ មិ សុខល័ក្ខ ភេទស្រី អាយុ២៩ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ ៣.ឈ្មោះ ឡាំ ធីអ៊ុក ភេទស្រី អាយុ៣៣ឆ្នាំ ជាតិវៀតណាម រស់នៅភូមិទី១១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
វត្ថុតាងចាប់យករួមមានសំណាកថ្នាំញៀន ដែលនៅសល់ពីការប្រើប្រាស់១កញ្ចប់ និងឧបករណ៍សេពគ្រឿងញៀនមួយចំនួន ។
បន្ទាប់មកនៅថ្ងៃទីខែឆ្នាំដែលនៅវេលាម៉ោង១៤និង១៥នាទី កម្លាំងជំនាញរបស់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាធាយ បានចុះបង្ក្រាបករណី ជួញដូររក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន១ករណីទៀត នៅចំណុចថ្នល់កែងភូមិតាបែក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ឃាត់ខ្លួនជន សង្ស័យបានចំនួន២នាក់ ស្រី០១នាក់ៈ ១. ឈ្មោះ អឺក ចន្តា ហៅខួច ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែររស់នៅភូមិតាបែក ឃំុសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ២. ឈ្មោះ ឯក ស្រីពៅ ភេទស្រី អាយុ៣២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិស្នាយ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ជាមួយគ្នា សមត្ថកិច្ចរឹបអូសវត្ថុតាងថ្នាំញៀនប្រភេទម្សៅក្រាមពណ៌ស ចំនួន០៣កញ្ចប់ និងប្រាក់ញុះញុងចំនួន៥០.០០០រៀល និងពូថៅ១ដើម ជនសង្ស័យយកមកដេញកាប់សមត្ថកិច្ច និងឧបករណ៍សម្រាប់សេពមួយចំនួន ។
នៅថ្ងៃ ខែ ឆ្នាំដដែល កម្លាំងជំនាញអធិការដ្ឋាននគរស្រុកស្រីសន្ធរ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំកោះអណ្តែត អនុវត្តតាមការបញ្ជារបស់លោកព្រះរាជអាជ្ញា ហួត វុទ្ធី និងលោកប្រធានការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងសមត្ថកិច្ចបានធ្វើការបង្រ្កាបឃាត់ខ្លួនបានមុខសញ្ញាសង្ស័យជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន២នាក់ប្តី និងប្រពន្ធៈ១.ឈ្មោះ ផាន់ កន្និកា ហៅស្រីហុច អាយុ៣៧ឆ្នាំ ២.ឈ្មោះ សុខ លីវ៉ា ជាប្តី អាយុ៣៨ឆ្នាំ ជនសង្ស័យទាំង០២នាក់ រស់នៅភូមិក្រូចសើច ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ហើយយើងបង្កើតគណៈកម្មការចូលរួមពីអាជ្ញាធរមូលដ្ឋានឆែកឆេររកឃើញម្សៅក្រាមពណ៌សចំនួនមួយថង់តូចនៅផ្ទះជីដូនកន្លែងឃាត់ ខ្លួននិងឆែកឆេរនៅផ្ទះរបស់ជនសង្ស័យរកឃើញម្សៅក្រាមពណ៌សក្នុងទូរចំនួនមួយថង់តូចទៀត ។
លទ្ធផលសមត្ថកិច្ចរឹបអូសវត្ថុតាងរួមមានៈ ថ្នាំញៀនប្រភេទម្សៅក្រាម ពណ៌ស ចំនួន០២កញ្ចប់ តូច និងម៉ូតូចំនួន១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ ឃាត់ខ្លួនជាបណ្ដោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម ចាត់ការតាមនីតិវិធី ៕ វណ្ណះ