ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធសម្រេចយកសពប្តីទៅបូជា ខណៈសពមានសភាពរឹង និងធុំក្លិន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សពបុរសម្នាក់ ដែលបានផ្តែផ្តាំប្រពន្ធ មុនពេលស្លាប់ កុំឲ្យយកទៅបូជា ក្រោយពីស្លាប់ រយៈពេល៧ថ្ងៃថានឹងវិញាណ ត្រឡប់មកវិញនោះ មកដល់ព្រឹក ថ្ងៃអាទិត្យទី៩ ខែតុលា ឆ្នាំ២០១៦ ក្រុមគ្រួសារ ជនរងគ្រោះ និងប្រពន្ធបានមូលមតិគ្នាសម្រេចយកទៅបូជា ខណៈឃើញសភាពសាកសពឡើង រឹង និងធំក្លិន ដែលមិនអាចទុកតំកល់ទៀតបាន។

គួររំលឹកថា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១១និង១០នាទីយប់ នៅភូមិជង្រុក ឃុំរមាំងថ្នោល ស្រុកស្វាយទៀប ខេត្តស្វាយរៀង មានបុរសម្នាក់ឈ្មោះ ប្រាក់ ឋាន អាយុ៣៧ឆ្នាំ ជាអ្នកបួសរៀនបានស្លាប់ ដោយសារជំងឺ។ នៅមុនពេលស្លាប់ជនរងគ្រោះម្តងភ្លឹក ម្តងដឹងខ្លួន ហើយបានផ្តែផ្តាំប្រពន្ធថា ពេលដែលគាត់ ( ជនរងគ្រោះ ) ស្លាប់កុំអាលទាន់យកទៅបូជា ទុកតំកល់នៅផ្ទះ រយៈពេល៧ថ្ងៃ នោះព្រលឹងរបស់គាត់នឹងត្រឡប់មកវិញ។

ប្រពន្ធឈ្មោះ ឡាយ សុធី អាយុ៥៣ឆ្នាំ កាលបើបានស្តាប់បណ្តាំស្វាមីជាជនរងគ្រោះហើយនោះ ពេលដែលប្តីបានបាត់បង់ជីវិតរូបគាត់ក៏បានធ្វើតាម អ្វីដែលប្តីបានផ្តែផ្តាំ ដោយនៅក្នុងពិធីតំកល់សព ប្រពន្ធជនរងគ្រោះបានពឹងពាក់លោកតាអាចារ្យ ឈ្មោះ សាញ់ សារ៉ុន អាយុ៧០ឆ្នាំ ជាអ្នកកំដរនិងមើលថែសាកសពជនរងគ្រោះ។

បើតាមលោកតាអាចារ្យ សាញ់ សារ៉ុន អះអាងថា នៅពេលដែលលោកតានៅមើលថែសាកសពជនរងគ្រោះ គឺសាកសពមានហេតុភេទចំឡែកៗ ដូចជាបែក ញើសថ្ងាស និងមានអក្សរបាលីផុសនៅលើថ្ងាស់ជាបន្តបន្ទាប់ទៀតផង។

លោកតាអាចារ្យ សាញ់ សារ៉ុន បានបញ្ជាក់ថា ក្រោយមកដោយសារតែមានគ្រូចេះអាបធ្មប់ និងគ្រូផ្សេងៗ ៣-៤នាក់ទៀត ចេញចូលមកពិនិត្យសាកសពធ្វើឲ្យហេតុភេទអក្សរដែលផុសនៅលើថ្ងាស់ ប្រែប្រួល និងផ្លាស់ប្តូរ ដែលធ្វើឲ្យរូបគាត់និងក្រុមគ្រួសារ ពិសេសប្រពន្ធជនរងគ្រោះ ព្រមទាំងអ្នកភូមិ មានការខឹងសម្បារយ៉ាងខ្លាំងចំពោះគ្រូដែលចេញចូលមកពិនិត្យសាកសពខាងលើនេះ។

លោកតាអាចារ្យ សាញ់ សារ៉ុនបានអះអាងថា នៅថ្ងៃដំបូង គាត់បានឃើញនៅលើថ្ងាស់ជនរងគ្រោះ មានផុសអក្សរ ដូចជាពាក្យ ” ពុទ្ធាយៈ “ លុះថ្ងៃបន្ទាប់ស្រាប់តែប្តូរមកពីអក្សរ ពុទ្ធាយៈមកជាពាក្យ “ បំណន់ “ ហើយមួយថ្ងៃបន្ទាប់ទៀត ក៏ស្រាប់តែបាត់អក្សរបំណន់ បែជាផុសលិចពាក្យអក្សរ៣តួរគឺ “ បណប “។ ដោយសារហេតុភេទចំឡែកៗនេះ អ្នកភូមិទាំងចាស់ក្មេងកាន់តែមានការភ្ញាក់យ៉ាងខ្លាំង ហើយត្រូវបានចាស់ទុំក្នុងភូមិ ព្រមទាំងយាយជីតាជីរៀចំធ្វើពិធីបូជាថ្វាយគ្រឿងសការៈ និងបែបន់បារមីវត្ថុស័ក្តិសិទ្ធឲ្យជួយថែរក្សានិងបញ្ជូនព្រលឹងវិញាណសពជនរងគ្រោះប្រាក់ ឋាន ឲ្យចូលមករាងកាយវិញតាមអ្វីដែលជនរងគ្រោះបានផ្តាំប្រពន្ធមុនពេលដែលស្លាប់។

បើតាមភរិយាជនរងគ្រោះ ឈ្មោះ ឡាយ សុធីបានឲ្យដឹងដែរថា មុនពេលដែលប្តីរបស់គាត់បាន ស្លាប់ប្តីរបស់គាត់បានផ្តែផ្តាំថា កាលដែលគាត់ស្លាប់ ( ភ្លឹក ) ទៅនេះគឺព្រះ ដកយកព្រលឹងឲ្យទៅរៀន៧ថ្ងៃ ហើយផុតពី៧ថ្ងៃនោះព្រលឹងនឹងវិលត្រឡប់មកចូលរូបវិញ។ ដូច្នេះកាលដែលប្តីបាននិយាយ និងរៀបរាប់ ប្រាប់ពីបណ្តាំនេះហើយទើប រូបគាត់បានតំកល់សពប្តី នៅផ្ទះ ហើយបានពឹងពាក់លោកតាអាចារ្យខាងលើ ឲ្យជួយមើលថែរ ក៏ប៉ុន្តែមិនមែនតែលោកតាអចារ្យនោះទេ ដែលខឹងក្រោធ សូម្បីគាត់ ( ប្រពន្ធ ) ក៏មានការសោកស្តាយចំពោះគ្រូមួយចំនួនដែលនាំគ្នាចេញចូលពិនិត្យសាកសពប្តីរបស់គាត់ ធ្វើឲ្យបាត់ភាពចំឡែកៗ ហើយឈានទៅដល់សាកសពប្តីរបស់គាត់មានសភាពរឹង និងធំក្លិន ទើបក្រុមគ្រួសារសម្រេចបូជាម្តងទៅ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦តែម្តងទៅ៕ យឹម សុថាន
3 2 4 aes-1 aes


ចែករំលែក៖