ភ្នំពេញ៖ ខ្សែភាពយន្តថ្មីរបស់ផលិត កម្មLD Picture រឿង”ត្រកូលអ្នកប្រដាល់”បានប្រារព្ធពិធីសម្ពោធយ៉ាងអធិកអធមនៅរោងភាពយន្ត Major Cineplex ផ្សារ ទំនើបអីុអនម៉ល។តារាសម្តែងនាយគ្រឿន និងតារាសម្តែងនាង សាត រស្មីដែលជាតួឯកក្នុងរឿងនេះបានបង្ហាញពីជំនឿចិត្តខ្ពស់ចំពោះខ្សែភាពយន្តនេះថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។
នាយគ្រឿន បញ្ជាក់ថា នេះគឺជារសជាតិសម្តែងនិងសាច់រឿងថ្មីដែលមិនធ្លាប់មានពីមុនមក។ លោកបញ្ជាក់ថា ក្នុងរឿងនេះលោកសម្តែងជាតួអង្គភេទទី៣ដែលត្រូវឪពុកបង្ខំឲ្យហាត់រៀនជាអ្នកប្រដាល់ដើម្បីស្នងត្រកូលរបស់ខ្លួនខណៈដែលខ្លួន ចង់ក្លាយជាអ្នកចម្រៀង។ លោកបន្តថា អារម្មណ៍របស់លោកបានប្រែប្រួលក្រោយសង្សារប្រុសក្បត់ចិត្ត ហើយងាកមកស្រលាញ់ស្រីជាកូនម្ចាស់ក្លិបប្រដាល់វិញដើម្បីតម្រូវចិត្តឪពុកនិងសង្សារស្រីរបស់ខ្លួនវិញរហូតទទួលបានជោគជ័យ។ លោកថា អ្វីដែធ្វើឲ្យទស្សនិកជនជក់ចិត្តនោះគឺខ្សែភាពយន្តនេះមានឈុតឆាកកំប្លែងជាច្រើន។ លោក រំពឹងថាខ្សែភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។
តារាសម្តែង សាត រស្មីដែលទើបនឹង ទទួលយកការសម្តែងជាថ្មីបានដាក់ក្តីរំពឹងខ្ពស់ថាខ្សែភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនព្រោះតែជាប្រភេទខ្សែភាពយន្តដែលទស្សនិកជនពិសេសក្រុមយុវវ័យចូលចិត្តមើលខ្សែភាពយន្តបែប កំប្លែង។ អ្នកនាងបញ្ជាក់ថា ខ្សែភាពយន្តរឿង”ត្រកូលអ្នកប្រដាល់”នេះមានការចូលរួមសម្តែងពីតារាសម្តែង តារាកំប្លែងជាច្រើនរូបជាមួយនឹងគុណភាពនៃការផលិតខ្ពស់ដែលមិនធ្វើឲ្យអ្នកទស្សនាខកចិត្តទេ។
លោកលៀក លីដា បញ្ជាក់ថា បន្ទាប់ពីបានចំណាយពេលអស់ជាច្រើនខែខ្សែភាពយន្តរឿង “ត្រកូលអ្នកប្រដាល់”ក៏ត្រូវសម្រេចដាក់បញ្ចាំងនៅខែតុលានេះតាមការគ្រោងទុក។ លោកថារឿងនេះចំណាយអស់ ប្រមាណជាង៦ម៉ឺនដុល្លារ និងគ្រោងដាក់បញ្ចាំងផ្លូវការចាប់ពីថ្ងៃទី១៣ ខែតុលាតទៅនៅគ្រប់រោងភាពយន្តទាំងអស់ទាំងនៅភ្នំពេញនិងខេត្តសៀមរាប។ រឿងនេះមានការរំពឹងយ៉ាងខ្លាំងថានឹងទទួលជោគជ័យ ដោយសារតែផ្ទៃរឿងទាំងមូលគឺលោកបានតម្រូវឲ្យតួអង្គនាយគ្រឿននិងតួអង្គនាយសុបិន្តដែលធ្លាប់តែមានចរិតប្រុសសម្ដែងជាតួភេទទី៣ខុសប្លែកពីមុន។ លោករំពឹងយ៉ាងខ្លាំងថាឱកាសដាក់បញ្ចាំងនៅថ្ងៃទី១៣ តុលានឹងមានអ្នកទិញសំបុត្រចូលមើលច្រើនដោយសារតែភាពខ្លាំងគឺការ ប្រមូលផ្ដុំដោយតួអង្គល្បីៗនៅក្នុងរឿងនេះ។
គួរបញ្ជាក់ដែរថាវត្តមានតារាល្បីៗដែលចូលរួមពិធីសម្ពោធខ្សែភាពយន្តមានដូចជា នាយគ្រឿន, កញ្ញាទឹម រដ្ឋា, លោក សឿន វីតា, លោក ឆានុត ឆៃយ៉ា, កញ្ញាម៉ាក់សែន សូនីតា, កញ្ញា គៀត សុវណ្ណាឡាង,អ្នកនាង សាត រស្មី, នាយBIG, លោកប៉ីប៉ីឌី, លោក ងួន សុបិន្ត, អ្នកនាងខ្ញុង, នាយចឺម និង តារាល្បីៗក្មេងចាស់ប្រុសស្រីយ៉ាងច្រើន ទៀត៕ វឌ្ឍនា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច