ខេត្តក្រចេះ៖ ពលរដ្ឋរស់នៅក្រុងក្រចេះ បានសម្តែងក្តីបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ខណៈក្នុងភូមិ ឃុំ របស់ពួកគាត់រស់នៅ គឺកំពុងកើតមានអំពើរចោរកម្មមិនថាយប់ ឬ ថ្ងៃ ដូចជាចោរប្លន់ ,ចោរគាស់ផ្ទះលួចទ្រព្យសម្បត្តិ ចោរកាច់ក យកម៉ូតូជាដើម ហើយពលរដ្ឋបានស្នើរឱ្យកងកម្លាំងប្រដាប់អាវុធ ត្រូវធ្វើយ៉ាងណាត្រូវការពាររក្សាសន្តិសុខឱ្យបានល្អ ដើម្បីកុំឱ្យពលរដ្ឋរស់ក្នុងការភ័យខ្លាច ។
ក្តីព្រួយបារម្ភនេះ បានកើតឡើងបន្ទាប់ពីគេមើលឃើញថាពេលបច្ចុប្បន្ននៅក្នុងក្រុងក្រចេះ គឺអំពើចោរកម្មបានកើតឡើងជាបន្តបន្ទាប់ ជាក់ស្តែងនៅព្រឹកថ្ងៃទី១២ខែតុលានេះ ចោរលួច ចោរប្លន់ គឺបានធ្វើសកម្មភាពពីរករណីផ្សេងគ្នា នៅកណ្តាលក្រុងក្រចេះ ។
ក្នុងនោះករណីទី១ គឺក្រុមចោរបានធ្វើសកម្មភាព កាត់សោរបន្ទប់ដាក់ម៉ូតូក្រោមផ្ទះពលរដ្ឋឈ្មោះ ជ លាងអាន រស់នៅភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ កាលពីលេលាម៉ោង៥ទៀបភ្លឺ ហើយបានយកម៉ូតូឌ្រីមសង់ ចំនួន២គ្រឿង គេចខ្លយនបាត់ស្រមោល ។ ដោយឡែកករណីមួយទៀត គឺក្រុមចោរបានធ្វើសកម្មភាពវាយភ្លន់យកម៉ូតូឌ្រីមសង់ ០១០មួយគ្រឿងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១២ខែតុលាដដែរ នៅក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ ។
បើតាមការរៀបរាប់ពីស្រ្តីជាម្ចាស់ម៉ូតូ កញ្ញា ហ៊ួ ចន្ទ្រា អាយុ១៩ឆ្នាំ បាននិយាយថា ខណៈដែលគាត់បានជិះម៉ូតូមកដល់ចំនុចកើតហេតុ ស្រាប់តែក្រុមចោរបានជិះម៉ូតូសង់កូរ៉េ១គ្រឿងប្រដាប់ដោយដំបងឬស្សី បានជិះដេញវាយក្បាល់គាត់ពីក្រោយរហូតបែកមួកសុវត្ថិភាព ប៉ោងមុខប៉ោងមាត់ និងបានយកម៉ូតូឌ្រីមសង់ របស់គាត់ជិះគេចខ្លួនបាត់ ដោយបន្សល់ទុកម៉ូតូសង់កូរ៉េ របស់ជនសង្ស័យនៅកន្លែងកើ់តហេតុ ។
យ៉ាងណាក៏ដោយ ក្រោយពីមានករណីលួច ប្លន់ផ្ទួនៗ នៅកណ្តាលក្រុងក្រចេះ ពលរដ្ឋបានរិះគន់លើកម្លាំងនគរបាលក្រុង,ខេត្ត ថាមិនបានយកចិត្តទុកដាក់ធានាសុវត្ថិភាពដល់ពលរដ្ឋក្នុងមូលដ្ឋាន ។ ជាងនេះទៀតពលរដ្ឋអះអាងថា សព្វថ្ងៃនេះ គឺនគរបាលក្រុងក្រចេះ មិនបានពង្រាយកម្លាំង ដើម្បីការពារសុខសុវត្ថិភាពដល់ពលរដ្ឋនោះទេ បែរជាដាក់កម្លាំងទាំងយប់ថ្ងៃនៅលើដងផ្លូវជាតិសំខាន់ ចាំស្ទាក់យកលុយពីរថយន្តដឹកឈើទៅវិញហើយករណីនេះពលរដ្ឋក៏អស់ជំនឿរលើសមត្ថកិច្ច ខណៈដែលសមត្ថកិច្ចគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនគិតពីប្រយោជន៍របស់ពលរដ្ឋ ។
ពាក់ពន្ឋនឹងករណីនេះ ស្នងការនគរបាលខេត្ត លោកឧត្តមសេន៍ត្រី លន់ សុផាត បានឱ្យដឹងតាមទួរស័ព្ទថា ករណីនេះសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ ហើយរហូតមកដល់ពេលនេះគឺមុខសញ្ញាយើងបានកំណត់បានត្រួសៗហើយដែរ ៕ កោះទ្រុង