ព័ត៌មានទាន់ហេតុការណ៍៖

ចោរថ្លើមធំលួចគាស់ទ្វារប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់​សំណាញ់បំណងចូលលួចកាំភ្លើងអាកាទុកចេញប្លន់

ចែករំលែក៖

ខេត្តកណ្តាលៈ ចោរថ្លើមធំ២នាក់ធ្វើសកម្មភាពគាស់ទ្វារប៉ុស្តិ៍នគរបាលរដ្ឋបាលកំពុងសំណាញ់ក្នុងបំណងចូលលួចកាំភ្លើងអាកាទុកសម្រាប់ចេញប្លន់នៅថ្ងៃក្រោយ តែមិនបានសម្រេចត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឡោមព័ទ្ធចាប់ខ្លួនបាន កាលពីវេលាម៉ោង១២រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចទីតាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ ស្ថិតក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់លោក សំរឹទ្ធ សនសុជា បានឲ្យដឹងថា ក្រុមចោរមានគ្នា២នាក់ ទី១-ឈ្មោះអុន រី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ទី២-ឈ្មោះ ចក់ សុផល ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខបរ មិនពិតប្រាកដមានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។

លោក សំរឹទ្ធ សនសុជា បានបន្តថា ក្នុងប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនជនល្មើសទាំង២នាក់នេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ កាំភ្លើងខ្លីជ័រពណ៌ខ្មៅចំនួន០១ដើម, កាំបិតសាំងគីមចំនួន០១, ទូរស័ព្ទដៃ០១គ្រឿងម៉ាកNOKIA ចុចពិលពណ៌ស, ឈើជ្រុងទំហំ៧ស.ម×៤ស.មចំនួន០១ដើមប្រវែង១៤៥ស.ម និងម៉ូតូ០១គ្រឿងម៉ាកSUZKI Smash-Vពណ៌ក្រហមលាយខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1BA-2442 មានបំពាក់ប្រដាប់សំរាប់សណ្តោងរ៉ឺម៉ក ។

លោកនាយប៉ុស្តិ៍បានបញ្ជាក់ថា នៅវេលាយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ លោកបានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ចេញល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនគ្រប់គ្រង ខណៈកំពុងល្បាតលោកបានទទួលព័ត៌ថា មានជនសង្ស័យជិះម៉ូតូទៅឈប់ក្រោយទីតាំងប៉ុស្តិ៍គួឲ្យសង្ស័យ ទើបលោកប្រញ៉ប់ដឹកនាំកម្លាំងធ្វើការឡោមព័ទ្ធទីតាំងប៉ុស្តិ៍ឈានដល់ឃាត់ខ្លួនជនល្មើសទាំង២នាក់រួមជាមួយវត្ថុតាងជាក់ស្តែង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនល្មើសទាំង២នាក់បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពគាស់ទ្វារប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ ។ ជនល្មើសបញ្ជាក់ថា សកម្មភាពនេះធ្វើឡើង ដើម្បីចូលលួចកាំភ្លើងអាកាទុក សម្រាប់ចេញប្លន់នៅថ្ងៃក្រោយ ៕ ស្អាងជ័យ

img_2323 img_2322 img_2321 img_2324


ចែករំលែក៖