ភ្នំពេញ ៖ យុវជនប្រុសស្រី២នាក់ បានជិះម៉ូតូ២គ្រឿងផ្សេងគ្នា មកពីញុំអីនៅម្ដុំផ្សារទួលគោក រួចហើយបម្រុងជិះត្រឡប់ទៅផ្ទះវិញ ខណៈជិះបានពាក់កណ្ដាលផ្លូវ ក៏ត្រូវបានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងតាមមកពីក្រោយហើយធ្វើសកម្មភាពដកកាំភ្លើងខ្លី វាយក្បាលជនរងគ្រោះ និងគំរាមបាញ់ រួចយកម៉ូតូ១គ្រឿងបានសម្រេច និងបណ្ដាលឲ្យជនរងគ្រោះបែកក្បាលហូរឈាមរងរបួសស្រាល ។
ក្នុងហេតុការណ៍ករណីប្លន់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវបេតុងមួយកន្លែង ស្ថិតក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនរងគ្រោះប្រុស ស្រី២នាក់ ខាងលើ ទី១មានឈ្មោះ អ៊ឹម សេងងួន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់ដូនអីវ៉ាន់ និងស្នាក់នៅម្ដុំផ្សារទួលគោកនិងជិះម៉ូតូម៉ាកធូដេ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១FM.១៩៤៨ ។ រីឯទី២មានឈ្មោះតូ ស្រីម៉ុច ភេទស្រី អាយុ២៤ឆ្នាំមុខរបររៀនកាត់ដេរស្នាក់នៅក្បែរកន្លែងកើតហេតុខាងលើ និងដោយជិះ ម៉ូតូម៉ាក ZOOMER X ពាក់ស្លាកលេខភ្នំពេញ ១DE.៥១១៥ ដែលម៉ូតូជនសង្ស័យប្លន់បានសម្រេច ។
តាមសម្ដីជនរងគ្រោះប្រុសស្រី២នាក់ខាងលើ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគឺ ពួកគាត់ទាំងពីរនាក់បានជិះម៉ូតូ២គ្រឿងផ្សេងគ្នា ដោយមកពីញុំ អីនៅម្ដុំផ្សារទួលគោក រួចមកពួកគេក៏នាំគ្នាត្រឡប់មកផ្ទះវិញនៅម្ដុំកន្លែងកើតហេតុខាងលើ ដោយជិះបានពាក់កណ្ដាលផ្លូវ ក៏ត្រូវបានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿង ម៉ាក CPX មិនចាំស្លាកលេខ បានឌុបគ្នាមកតាមក្រោយ រួចគៀរឲ្យឈប់ និងដកកាំភ្លើងខ្លីវាយក្បាលយុវជនជនរងគ្រោះបណ្ដាលឲ្យបែកក្បាលហូរឈាម និងប្លន់យកម៉ូតូ ZOOMER X ពីរនារីជាសង្សាបានសម្រេច ។
បន្ទាប់ពីកើតហេតុរួចមក ជនរងគ្រោះទាំងពីរនាក់នោះ បានជិះម៉ូតូធូដេ ដែលនៅសល់១គ្រឿងមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ ដើម្បីឲ្យសមត្ថកិច្ចស្វែងរកមុខសញ្ញា ៕ ជីម ភារ៉ា ដង្កោ