ភ្នំពេញ៖ អតីតពិធីការិនីនៅទូរទស្សន៍ប៉ុស្តិ៍លេខ៣ នាងសួន ភក្តី ហៅអាណូ បានប្រកាសវិលមករកការងារសិល្បៈជាថ្មី ក្រោយបាត់មុខអស់ជិត១០ឆ្នាំ ។ ការវិលចូលសិល្បៈជាថ្មីរបស់នាង ត្រូវបានអ្នកជិតដិតលើកឡើងថា នាងរងសម្ពាធច្រើនពីរឿងស្នេហា ហើយការវិលរកឆ្នាំងចាស់វិញនេះ គឺដើម្បីបន្លប់ទុក្ខស្នេហ៍ដែលប្រេះបែក ។
កាលពី១០ឆ្នាំមុនវីជេអាណូរងពាក្យចចាមអារ៉ាមថា នាងត្រូវគេចាប់កោសក់ឆូតនឹងផ្លែឡាម ប៉ុន្តែនាងបានបង្ហាញខ្លួនដោយបើកចំហរដើម្បីជម្រះរឿងមិនល្អទាំងនេះ ហើយនាង ក៏បានចាកចេញពីការងារសិល្បៈចាប់តាំងពីពេលនោះផងដែរ ។ នាងបានធ្វើឲ្យអ្នកសិល្បៈ និងមហាជនមានការភ្ញាក់ផ្អើលក្រោយ នាងបានបង្ហាញខ្លួនជាមួយនឹងការថតរូបបែបសិល្បៈជាមួយលោកដៃគូចាស់លោកអេនឌីកាលពីថ្មីៗ ។ ការបង្ហាញខ្លួនជាមួយនឹងការប្រកាសវិលរកសិល្បៈជាថ្មី បានបង្កើតឲ្យមានការភ្ញាក់ផ្អើល ព្រោះតែ១០ឆ្នាំនេះ នាងមិនដែលបង្ហាញវត្តមានទាល់តែសោះក្នុងអាជីពសិល្បៈ ។ តារាស្រីរូបនេះបញ្ជាក់ថាដោយការស្រលាញ់សិល្បៈទើបនឹងហាក់ទៅមិនឆ្ងាយពីការងារនេះ ។
ប៉ុន្តែនៅពីក្រោយការវិលរកទ្រនុំចាស់នេះ ត្រូវបានគេទម្លាយថា ដោយសារស្នេហាជាមួយបុរសម្នាក់ជួបបញ្ហារហូតដល់ចែកផ្លូវគ្នាដើរ ។ ប្រភពពីអ្នកសិល្បៈម្នាក់លើកឡើងថា VJ អាណូវិលចូលសិល្បៈ បន្ទាប់ពីចំណងស្នេហ៍របស់នាង និងមន្ត្រីមានមុខមាត់ម្នាក់បានដើរដល់ផ្លូវទាល់ ទើបសម្រេចចិត្តបែកពីគ្នាដោយសន្តិវិធី ។
ប្រភពបន្តថា បច្ចុប្បន្ននាងមានកូនប្រុសម្នាក់ក្នុងបន្ទុក ប៉ុន្តែនាងព្យាយាមលាក់បាំងមិនរំលឹករឿងរ៉ាវឯកជនពិសេសរឿគ្រួសារ ។ ក្រោយបញ្ចប់ចំណងស្នេហ៍ខាងលើ នាងបានប្រឹងប្រែងជាថ្មីទាំងការងារសិល្បៈ និងមុខជំនួញ ដែលបច្ចុប្បន្ននាងកំពុងដុតដៃដុតជើងនឹងជំនួយមួយចំនួន បូករួមទាំងការលក់បាយប្រអប់តាមអនឡាញជាដើម។
ប្រភពបន្តថា ប្រឹងប្រែងរកស៊ីនេះ មិនមែនអាណូ គ្មានទ្រព្យនៅជាប់នឹងខ្លួនទេ ប៉ុន្តែនាងចង់ពង្រឹងខ្លួនឯង មិនចង់ឲ្យអតីតស្វាមីមើលងាយ ។
គេដឹងដែរថា អាណូ ឧស្សាហ៍ឡើងចុះប្រទេសថៃ ក្នុងបំណងសម្លឹងរកមុខរបរជំនួញណាមួយថ្មីបន្ថែមទៀតផងដែរ ។ នៅពេលវិលត្រឡប់មកសិល្បៈវិញ កាលពីខែកក្កដា ឆ្នាំ២០១៦ អាណូបាននិយាយថា នាងគ្មានស្វាមីហើយការបាត់មុខរបស់នាងដោយសារតែនាងទៅរស់នៅអាមេរិក ។ ប៉ុន្តែមានការបញ្ជាក់ថា ការបាត់មុខជិត១០ឆ្នាំនេះ នាងបានសម្ងំរស់នៅខេត្តកំពង់ធំជាមួយសាច់ញាតិរបស់នាង និងបានមកនៅភ្នំពេញ បន្ទាប់ពីបែកពីស្វាមីកាលពីជាងមួយឆ្នាំមុន ។
អាណូបញ្ជាក់ថា ក្រោយវិលមករកការងារសិល្បៈនេះ នាងទទួលបានឱកាសការងារមួយចំនួនដូចជាការថតឈុតផ្សព្វផ្សាយពាណិជ្ជកម្ម និងថតម៉ូដសម្លៀកបំពាក់ប្រពៃណីរបស់សម្អាងការមួយចំនួននៅភ្នំពេញ ប៉ុន្តែនាងស្នើមិនបរិយាយរឿងស្នេហានោះទេ ៕ វឌ្ឍនា