ភ្នំពេញ ៖ មនុស្សប្រុស ស្រីចំនួន៤នាក់ បានអះអាងថា ក្រុមហ៊ុនសន្តិសុខមិនបានបើកប្រាក់ខែឲ្យខ្លួន ហើយសុំដក អត្តសញ្ញាណប័ណ និងសៀវភៅគ្រួសារ ក៏ក្រុមហ៊ុនមិនអនុញាត អស់ជម្រើសនាំគ្នាទៅស្នើសុំការអន្តរាគមន៍ ពីលោកចៅសង្កាត់ចោមចៅ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ។
ក្រុមសន្តិសុខទាំង៤នាក់ ដែលអះអាងថា នៅក្រុមហ៊ុនLSA ទី១ ឈ្មោះ ចាន់ ណារ៉ុង ភេទប្រុស អាយុ៣៨ឆ្នាំ យាមនៅរោងចក្រ យូឌីម៉ៅ ស្នាក់នៅ ផ្ទះជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ មានស្រុកកំណើត ស្រុក កំពង់លាវ ខេត្តព្រៃវែង ។ ទី២ ឈ្មោះ ឆាន ពុធ ភេទស្រី អាយុ៣៦ឆ្នាំ យាមនៅរោងចក្រជាមួយគ្នា ស្នាក់នៅផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមខៅ មាន ស្រុកកំណើត ភូមិស្ទឹងថ្មី ឃុំ ចែងរោង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ ទី៣ ឈ្មោះ សែត សារុំ ភេទស្រី អាយុ៤៨ឆ្នាំ យាមនៅរោងចក្រជាមួយគ្នា ស្នាក់នៅភូមិជម្ពូវ័ន មានស្រុកកំណើតភូមិព្រែកជ្រៃ ឃុំជ្រោយស្នោ ស្រុកកោះធំ ខេត្តកណ្តាល ។ ទី៤ ឈ្មោះ សុឹម ម៉ាស់ ភេទស្រី អាយុ៤២ឆ្នាំ យាមនៅរោងចក្រ និងស្នាក់នៅជាមួយគ្នា មានស្រុកកំណើត ភូមិត្រពាំងខ្ទុំ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
តាមសម្តី សន្តិសុខទាំង៤នាក់ បានឆ្លើយប្រាប់នៅចំពោះមុខអាជ្ញាធរសង្កាត់ចោមចៅ ដូចគ្នាថា ពួកខ្លួន មកពីស្រុកផ្សេងៗគ្នា ចូលបម្រើការងារ ក្រុមហ៊ុនសន្តិសុខ LSA បានរយៈពេល២ខែហើយ ហើយក្រុមហុហ៊ុនតម្រូវឲ្យ ដាក់អត្តសញ្ញាណប័ណ្ណ ឫសៀវភៅគ្រួសារ ដំកល់រក្សាទុកនៅក្រុមហ៊ុន ។
ប្រភពបន្តទៀតថា ក្នុងរយៈពេបំពេញការងារ ជាកងសន្តិសុខក្រុមហ៊ុនឯកជនខាងលើ បានឲ្យទៅយាមប្រចាំនៅរោងចក្រ យូឌីម៉ៅ ដែលមានទីតាំងស្ថិតនៅ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ចំពោះប្រាក់ខែបាន១៣០ដុល្លារក្នុង១ខែ ហើយខែទី១ បើកបានជាធម្មតា លុះចូលខែទី២ មកដល់ថ្ងៃទី១៣ ខែតុលា ហើយនៅមិនទាន់បើកលុយឲ្យ នាំគ្នាទៅសាកសួរខាងក្រុមហុហ៊ុនប្រាប់ថា អត់មានលុយបើកឲ្យអ្នកទាំង៤ទេ ។
តាមសម្តីបុរសឈ្មោះ ចាន់ ណារ៉ុង បានឲ្យដឹងថា ពេលដែលទៅសួរនាំប្រាក់ខែ ខាងក្រុមហ៊ុនសន្តិសុខឆ្លើយថា ខាងរោងចក្រអត់បើកលុយឲ្យដែរ មានលុយឯណាបើកឲ្យអ្នកទាំង៤នាក់ ។ បុរសខាងលើបន្តទៀត ក្រុមហ៊ុនមិនបានបើកលុយប្រាក់ខែឲ្យហើយ សុំដកយក អត្តសញ្ញាណប័ណ និងសៀវភៅគ្រួសារ ដើម្បីយកទៅ ស្រុកចុះឈ្មោះបោះឆ្នោត ក៏ខាងក្រុមហ៊ុនមិនអនុញាត ។ ពួកគាត់ជាខ្មែរមានសិទ្ធចុះឈ្មោះបោះឆ្នោត តែខាងក្រុមហ៊ុនសន្តិសុខមួយនេះមិនប្រគល់ អត្តសញ្ញាណប័ណ ឬសៀវភៅគ្រួសារឲ្យពួកគាត់ទៅវិញ ទើបពួកគាត់មិនសុខចិត្ត នាំគ្នាមកសាលាសង្កាត់ចោមចៅ សុំការអន្តរាគមន៍ រឿងប្រាក់ខែ និង អត្តសញ្ញាណប័ណ ។
លោកសុទ្ធ សាធ ចៅសង្កាត់ចោមចៅ បានឲ្យដឹងថា រឿងរ៉ាវរបស់ សន្តិសុខទាំង៤រូបខាងលើ ត្រូវបានមន្រ្តីសង្កាត់ សាកសួរ និងចេញលិខិតអញ្ចើញ ហៅ តំណាងក្រុមហ៊ុនសន្តិសុខ LSA ពាក់ព័ន្ធ ពិសេសអត្តសញ្ញាណប័ណ ពលរដ្ឋត្រូវការចាំបាច់ យកទៅចុះឈ្មោះបោះឆ្នោត ៕ សុខាសែនជ័យ