ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌដង្កោ រួមជាមួយព្រះគ្រូចៅអធិការវត្តធុតង្គចំការដូងចែកអំណោយពលរដ្ឋក្រីក្រ៣០០នាក់

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយព្រះគ្រូគន្ធធុតង្គ សឿ ហេង ចៅអធិការវត្តធុតង្គចំការដូង បានធ្វើពិធីចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ លោកតា លោកយាយ ប្រមាណ ៣០០នាក់ នៅក្នុងបរិវេណវត្តធុតង្គចំការដូង ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ។

អំណោយដែលចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ លោកតា លោកយាយ ទាំង៣០០នាក់ ក្នុងឱកាសនោះ ម្នាក់ៗទទួលបានគ្រឿងឧបភោគបរិភោគមួយកញ្ចប់ ដែលរួមមាន មី ទឹកក្រូច ស្ករស តែ ត្រីខ ទៀន ធូប និងថវិកា ចំនួន ៥០០០រៀល។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌបានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះព្រះគ្រូចៅអធិការ សឿ ហេង ដែលជានិច្ចកាលព្រះអង្គបានយកព្រះទ័យទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រ និងលោកតា លោកយាយ ដែលជាពុទ្ធបរិស័ទ ដែលនេះជាការផ្សាភ្ជាប់គ្នាយ៉ាងស្អិតរមួតរវាងវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលមិនអាចកាត់ផ្តាច់ពីគ្នាបានក្នុងការអភិវធ្ឍជាតិយើង ។

លោកអភិបាលខណ្ឌក៏បានលើកឡើងអំពីការអភិវឌ្ឍប្រទេសជាតិក្រោមការដឹកនាំប្រកបដោគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអភិវឌ្ឍ ប្រទេសអោយរីកចំរើនរុងរឿង សម្បូរសប្បាយ និងមានសុខសន្តិភាពយ៉ាងបរបូរណ៍ ៕ ជីម ភារ៉ា ដង្កោ

img_0681 img_0671 img_0672 img_0673 img_0680


ចែករំលែក៖