ខេត្តកំពង់ឆ្នាំង៖ ឧប្បត្តិហេតុគ្រោះចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្ត និងម៉ូតូបុកគ្នា បណ្តាលឲ្យបុរសម្នាក់បានស្លាប់ៗភ្លាមនៅនឹងកន្លែង ចំណែកឯក២នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៥ ក្នុងភូមិស្វាយជ្រុំថ្មី ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
នគរបាលចរាចរណ៍ស្រុករលាប្អៀរបានឲ្យដឹងថា ជនរងគ្រោះក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ ១ឈ្មោះ សេត ចន្ធី ភេទប្រុស អាយុ៣៦ឆ្នាំ ស្លាប់ភ្លាមៗនៅនឹងកន្លែង ២.ឈ្នោះ ឡុង បូរ៉ា អាយុ២៥ឆ្នាំ ភេទប្រុស រងរបួសស្រាល និង ៣.ឈ្មោះ ចាន់ ថា ភេទប្រុស អាយុ២២ឆ្នាំ រងរបួសធ្ងន់ ជនរងគ្រោះទាំង៣នាក់ រស់នៅក្នុងភូមិចក ឃុំចក ស្រុកបរិបូណ៌ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហតុ ជនរងគ្រោះទាំង៣នាក់ បានជិះម៉ូតូ១គ្រឿង ម៉ាកហ្ស៊ុយស៊ុយគី ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BS- ២៧៣៧ ក្នុងទិសដៅពីត្បូងទៅជើង នៅពេលមកដល់ចំណុចកើតហេតុ បានបើកឡើងជែងរថយន្ត ១គ្រឿង ក្នុងទិសដៅស្របគ្នា ក្នុងពេលដែលកំពុងជែងរថយន្ត ក៏ស្រាប់តែមានរថយន្តដឹកទំនិញធុនធំ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ព្រះស៊ីហនុ ៣A-២៦៤៣ ក្នុងទិសដៅច្រាស់គ្នា ក៏បានបុកម៉ូតូជនរងគ្រោះពេញមួយទំហឹងដួលជាច្រើនត្រឡប់បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកឯ២នាក់ទៀតរបួសធ្ងន់ និងស្រាល ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបង្កបានទុករថយន្តចោលរួចគេចខ្លួនបាត់ ។ ចំពោះអ្នករងរបួសត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយឡែកមធ្យោបាយបង្កត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕ ចន្ថា