ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានធ្វើអត្តឃាតខ្លួនឯងដោយយកខ្សែនីឡុងមកចងកខ្លួនឯងទៅនឹងមែកឈើក្នុងដីស្រែរបស់ខ្លួន ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅភូមិអូរកណ្តោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា យុវជនដែលធ្វើអត្តឃាតខ្លួនឯងដោយចងក នេះមានឈ្មោះសោម វ៉ុន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនថ្ងៃកើតហេតុមួយថ្ងៃ គឺល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ យុវជនសោម វ៉ុន បានផឹកស្រវឹង ហើយម្តាយបានប្រាប់ថា កុំយកម៉ូតូជិះ ប្រយ័ត្នដួល ក្រោយពីម្តាយស្តីអោយប៉ុណ្ណឹង ក៏ច្រឡោត វាយរបស់របរក្នុងផ្ទះបែកចាន ឆ្នាំង និងប៉ាន់តែ រួចកាន់ខ្សែដើរចេញពីផ្ទះបាត់ ។
បន្ទាប់ពីចេញពីផ្ទះបាត់មិនឃើញមកវិញបងប្អូននាំគ្នាដើររកតាំងពីល្ងាចថ្ងៃទី១៧ តុលា ម្ល៉េះ តែរកមិនឃើញ លុះវេលាម៉ោង២រសៀល ថ្ងទី១៧ ក៏ប្រទះឃើញសពយុវជនរូបនេះបានចងស្លាប់បាត់ទៅហើយ រួចបានរាយការណ៍ទៅសមត្ថកិច្ច ឲ្យមកពិនិត្យកន្លែងកើតហេតុតែម្តង ។
សមត្ថកិច្ចបានសន្និដ្ឋានថា យុវជនរូបនេះ ពិតជាបានធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន ក្រោយពីធ្វើកោសល្យវិច័យរួច ទើបប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីតែម្តង ៕ ចន្ថា