ខេត្តបន្ទាយមានជ័យ៖ ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសី២ល្វែង លក់អីវ៉ាន់គ្រឿងទេស នៅផ្សារវបវេល ដែលមានបណ្តោយ២០ម៉ែត្រ ទទឹង៨ម៉ែត្រត្រូវបានអគ្គិភ័យ ឆាបឆេះអស់ទាំងស្រុងដែលសមត្ថកិច្ចប៉ាន់ប្រម៉ាណបាត់បង់ទ្រព្យសម្បត្តិគិតជាទឹកប្រាក់រាប់ម៉ឺនដូល្លា ករណីឆេះផ្ទះនោះត្រូវបានសមត្ថកិច្ចប្រាប់ឱ្យដឹងថាក្រោយពីម្ចាស់ផ្ទះចាក់សោរចោល ហើយទៅដេកផ្ទះមួយទៀត។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទី យប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិបវេល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
លោក អឿម ទិត្យ អធិការនគរបាលស្រុកបវេលប្រាប់ឱ្យដឹងថា ក្នុងហេតុការណ៍អគ្គិភ័យខាងលើ សមត្ថិច្ចបានប្រើប្រាស់រថយន្តទឹកចំនួន២គ្រឿង និងរថយន្តទឹកឯកជន១គ្រឿងទៀតសរុប៣គ្រឿងចំណាយពេលវេលាជាង១ម៉ោងទើបបាញ់ភ្លើងឱ្យរលត់ទាំងស្រុង ហើយសង្រ្គោះផ្ទះបានជាច្រើនខ្នងដោយមិនឱ្យភ្លើងបង្កទៅរាលដាល់ឆេះផ្ទះអ្នកជិតខាងនោះបន្ថែមទៀតឡើយ។
លោកអធិការប្រាប់ឱ្យដឹងទៀតថា ផ្ទះ២ល្វែងមានម្ចាស់តែម្នាក់មានឈ្មោះ សារ៉េត ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅក្នុងស្រុកបវេល ខេត្តបាត់ដំបង។អគ្គិភ័យនោះដែរសមត្ថកិច្ច មិនទាន់ហ៊ាសន្និដ្ឋានថាបង្កឡើងដោយអ្វីនៅឡើយនោះទេ រងចាំសមត្ថកិច្ចធ្វើការស្រាវជ្រាវ ស៊ើបអង្កេតម៉ត់ចត់នោះសិន។
លោកប្រាប់ឱ្យដឹងទៀតថា ករណីអគ្គិភ័យនោះដែរ មិនបង្កឱ្យប្រជាពលរដ្ឋណាម្នាក់គ្រោះថ្នាក់បាត់បង់ជីវិតនោះទេ។គ្រាន់តែទ្រព្យសម្បត្តិនិងផ្ទះរងការខូចខាតទាំងស្រុងម្ចាស់ផ្ទះ មិនទាន់ហ៊ានអះអាងអំពីទំហំខូចខាតទ្រព្យសម្បត្តិជាក់លាក់នៅឡើយនោះទេ ប៉ុន្តែសមត្ថកិច្ចសន្និដ្ឋានថាទ្រព្យសម្បត្តិអាចរងការខូចខាតគិតជាទឹកប្រាក់រាប់ម៉ឺនដូល្លារ ៕ សំវិច្ឆិកា