ភ្នំពេញៈ បុរសម្នាក់ បានបើករថយន្តក្នុងស្ថានភាពស្រវឹងជោកជាំ ក្នុងល្បឿនលឿន បាន ប្រជែងជាមួយនឹងម៉ូតូមួយគ្រឿងទាំងបង្ខំបណ្ដាលឲ្យជ្រុលចង្កូតរថយន្តទៅបុកជាមួយនឹងដើមក្រខុប១ដើម រួចបន្តទៅបុករបងការដ្ឋានសំណង់១កន្លែងទៀតរងការខូចខាតយ៉ាងដំណំទើបទៅមុខលែងរួច។
ឧប្បត្តិហេតុនេះ កើតឡើងកាលពីវេលាម៉ោង១១ និង២០នាទី យប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ នៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើកបររថយន្តម៉ាកតូយ៉ូតាតាកូម៉ា ពណ៌ក្រហម ស៊េរីចាស់១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2K-3452 បើកបរតាមបណ្ដោយផ្លូវខាងលើក្នុងល្បឿនលឿនដោយស្ថិតក្នុងស្ថានភាពស្រវឹងខ្លាំងផង។ បុរសនេះ បានបើកប្រជែងម៉ូតូ១គ្រឿងនៅខាងមុខហើយពេលមកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតទៅបុកឃឿនថ្នល់ រួចហួសទៅបុកដើមក្រខុប១ដើម ព្រមទាំងជ្រុលទៅបុកជាមួយរបងការដ្ឋានសំណង់មួយទៀតខូចខាតទើបរថយន្តទៅមុខលែងរួច។បន្ទាប់មកម្ចាស់រថយន្តក៏ព្យាយាមដាក់លេខថយក្រោយបម្រុងបើករត់គេច ប៉ុន្តែត្រូវបានដើមក្រខុបបាក់ធ្លាក់មកសង្កត់ពីលើរថយន្តធ្វើឲ្យបើកថយក្រោយមិនរួច ហើយបុរសក៏បើកទ្វាររថយន្តរួចរត់គេចបាត់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។
ប្រភពដដែលឲ្យដឹងទៀតថា បន្ទាប់មកទើបគេឃើញសមត្ថកិច្ចទៅដល់ ចុះវាស់វែងព្រមទាំងយករថយន្តបង្កទៅរក្សារទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំម្ចាស់រថយន្តមកធ្វើការដោះស្រាយទៅតាមនិតីវិធីពេលក្រោយ៕ ប្រាថ្នា