ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការនគរបាលខេត្តរតនគិរីបានដោះលែងជនជាតិវៀតណាម៣នាក់ក្រោយការឃាត់ខ្លួនពាក់ព័ន្ធករណីដាក់ម៉ាស៊ីនខួងយករ៉ែថ្ម នៅស្រុកកូនមុំ

ចែករំលែក៖

ខេត្តរតនគិរី៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរីកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ បានសម្រេចដោះលែងជនជាតិវៀតណាមចំនួន៣នាក់ក្រោយពីការឃាត់ខ្លូនបានបីថ្ងៃដែលជាប់ពាក់ព័ន្ធករណីរុករករ៉ែថ្មគ្មានច្បាប់នៅស្រុកកូនមុំ ។

ជនជាតិវៀតណាមទាំង៣នាក់នោះ ឈ្មោះ ង្វៀន ជុងយឿង ភេទប្រុស មានលិខិតឆ្លងដែន ឈ្មោះង្វៀន យ៉ាំងកង ភេទប្រុស ឈ្មោះសុខ ជា ភេទប្រុស អ្នកទាំង៣ ជាជនជាតិវៀតណាម ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានស្រុកកូនមុំ បានឲ្យដឹងកាលពីថ្ងៃទីទី១៣ ខែតុលា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋនៅក្នុងឃុំត្រពាំងក្រហម បានរាយការណ៍ទៅនគរបាលស្រុកកូនមុំថា មានជនជាតិវៀតណាមប្រហែល៥ទៅ៦នាក់ បានទៅបោះទីតាំងនៅចំណុចភ្នំលាក់កាំភ្លើង និងមានដាក់ម៉ាស៊ីនខួងយករ៉ែថ្ម ។

ប្រភពបានបន្តទៀតថា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ អាជ្ញាធរស្រុកកូនមុំបាននាំកម្លាំងចុះបង្ក្រាបដល់ទីតាំងដែលវៀតណាមបានធ្វើសកម្មភាពរុករករ៉ែថ្ម ។

មន្ត្រីនគរបាលស្រុកកូនមុំបានឲ្យដឹងបន្ថែមទៀតថា យុទ្ធនាការនោះ បានរឹបអូសយកម៉ាស៊ីនភ្លើងមួយគ្រឿង ម៉ាស៊ីនគោយន្តសម្រាប់ខួងយកថ្មមួយគ្រឿងផ្លែស្វាន១៥ដើម និងសម្ភារៈមួយចំនួនទៀត ដែលពួកគេបានប្រើប្រាស់ក្នុងការរុករករ៉ែដោយមិនស្របច្បាប់ ។

លោកថា មុននឹងកម្លាំងយើងចុះទៅដល់ការដ្ឋាននោះ កម្មករវៀតណាមបានរត់ភៀសខ្លួនអស់ទៅហើយ ប៉ុន្តែយើងបានដាក់កម្លាំងស្ទាក់ឃាត់បានកម្មករ៣នាក់ក្នុងចំណោមមនុស្សទាំងអស់នោះ ។ កម្មករទាំង៣នាក់ មានម្នាក់និយាយភាសាខ្មែរថា មុននឹងដឹកគ្រឿងចក្រចូលខួងយករ៉ែនៅភូមិសាស្ត្រស្រុកកូនមុំនោះ គឺបានទៅជួបសមត្ថកិច្ចជំនាញរ៉ែ និងខាងអាជ្ញាធរឲ្យបានដឹងហើយដែរ ។

កម្មករម្នាក់នោះបានបញ្ជាក់ទៀតថា ពួកគេបានបម្រើការងារនៅក្រុមហ៊ុនកែរឆ្នៃថ្មម៉ាប មួយនៅខេត្តព្រះវិហារ ការដាក់កម្លាំងរុករករ៉ែនៅស្រុកកូនមុំនេះ គឺគ្រាន់តែជាការស្រាវជ្រាវរកសំណាកថ្មម៉ាប រួចផ្ញើរទៅឲ្យខាងក្រុមពិនិត្យមើលសិនទេ បើត្រូវខាងក្រុមហ៊ុននឹងរត់ច្បាប់ជាក្រោយ ។

លោកហ៊ុន ប៊ុនថាន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦បានបញ្ជាក់ឲ្យដឹងតាមទូរស័ព្ទថា រឿងជនជាតិវៀតណាមដាក់ម៉ាស៊ីនខួងថ្មនៅទីតាំងដូចខាងលើ គឺជាទង្វើខុសច្បាប់ហើយ រឿងនេះយើងបានកសាងសំណុំរឿងទៅតុលាការខេត្តដើម្បីធ្វើការផាកពិន័យទៅតាមបទល្មើសជាក់ស្តែងដែលពួកគេបានប្រព្រឹត្តិ ។

លោកបានបន្តទៀតថា កម្មករវៀតណាមទាំង៣នាក់នេះ យើងបានប្រគល់ទៅឲ្យនគរបាលអន្តោប្រវេសន៍ ចំណែកឧបករណ៍ដែលរឹបអូសបានយើងរក្សាទុកនៅមន្ទីររ៉ែ និងថាមពល ។

លោកជា ប៊ុនធឿន ស្នងការរងទទួលបន្ទុកផ្នែកអន្តោប្រវេសន៍ខេត្តបានបញ្ជាក់ឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ថា ពាក់ព័ន្ធរឿងជនជាតិវៀតណាម៣នាក់ ដែលដាក់ម៉ាស៊ីនខួងរ៉ែថ្មនៅភូមិសាស្រ្តស្រុកកូនមុំនេះគឺខាងមន្ទីររ៉ែបានដោះស្រាយតាមផ្លូវច្បាប់ហើយ ៕ វុទ្ធឦសាន

ase-2 as as-1 as-2 ase ase-1


ចែករំលែក៖