ភ្នំពេញ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាជារៀងរាលថ្ងៃក្រោយមក បូករួមទាំងមានទឹកហូរធ្លាក់មកពីខេត្តកំពង់ស្ពឺផងនោះ ទើបធ្វើឲ្យផ្លូវសណ្ដស្ទឹងព្រែកត្នោត បានបាក់ទឹកហូរជាខ្លាំងហើយទឹកហូរចូលក្នុងសង្កាត់៦ ដែលនៅក្នុងមូលដ្ឋានខណ្ឌដង្កោ រួមមាន សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស សង្កាត់សាក់សំពៅ សង្កាត់រលួសនិងសង្កាត់ដង្កោ មិនតែប៉ុណ្ណោះផលដំណាំស្រូវរបស់ប្រជាពលរដ្ឋ ជាច្រើនហិកតា ផ្លូវថ្នល់ជាច្រើនកន្លែងកំពុងរងការជន់លិចជាបន្តបន្ទាប់។
ជាក់ស្ដែងនៅកំណាត់ផ្លូវលេខ២១៧ ហៅផ្លូវចំការដូង ត្រូវបានបិទមិនឲ្យធ្វើចរាចរទាំងស្រុង ចាប់ពីចំណុចស្ពាន ព្រែកជ្រៃ ស្ថិតក្នុងសង្កាត់ស្ពានថ្ម រហូតដល់ត្រង់ចំណុចរង្វង់មូលដីក្រហម ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ ប្រវែង២ពាន់ម៉ែត្រ ដោយសារស្ថានភាពទឹកជំនន់ ស្ទឹងព្រែកត្នោតវាយលុកខ្លាំងធ្វើឲ្យលិច រហូតដល់ជម្រៅ១ម៉ែត្រ ហើយដោយ សារតែខ្លាចមានគ្រោះថ្នាក់ជាយថាហេតុ ដល់អ្នកដំណើរនិងធ្វើឲ្យផ្លូវរងការខូចខាតនោះ ទើបអាជ្ញាធរបាន សម្រេចបិទចរាចរលើផ្លូវត្រង់ចំណុចខាងលើនោះ ។ កំណាត់ផ្លូវខាងលើនោះ ត្រូវបានបិទជាបណ្ដោះអាសន្ន ចាប់តាំងពីវេលាល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ដោយរង់ចាំរហូតដល់ទឹកស្រកអស់ ទើបបើកវិញហើយអ្នកដំណើរគ្រប់គ្នា រួមទាំងរថយន្តគ្រប់ប្រភេទ អាចធ្វើដំណើរវាងទៅតាមផ្លូវជាតិលេខ២ និងផ្លូវទំនប់សណ្ដស្ទឹង ។
ក្នុងនោះដែរគេសង្កែតឃើញមានវត្តមានលោក នុត ពុតដារ៉ា អភិបាលខណ្ឌដង្កោ និងមន្ត្រីក្រោមឱវាទ រួមជាមួយ និងកងកម្លាំងប្រដាប់អាវុធ កម្លាំងសមត្ថកិច្ច និងសណ្ដាប់ធ្នាប់ខណ្ឌ តែងតែចុះជួយនិងពិនិត្យមើលសន្ថាភាពទឹកជំនន់លិចក្នុងមូលដ្ឋានជារៀងរាល់ថ្ងៃ និងបង្កើនការយកចិត្តទុកដាក់កាន់តែខ្លាំង ដើម្បីការពារសុវត្ថិភាពក្នុងការរស់នៅជូនប្រជាពលរដ្ឋហើយលោក អភិបាលក៏បានបញ្ចាឲ្យកម្លាំងនគរបាលខណ្ឌដង្កោ ត្រូវដាក់យាម ប្រចាំការនៅលើផ្លូវខាងលើ២ចំណុច គឺនៅចំណុចទី១ នៅត្រង់ផ្លូវបំបែកជាបួន ខាងជើងស្ពានព្រែកជ្រៃ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោខណ្ឌដង្កោ ដើម្បីបិទមិនឲ្យរថយន្តដឹកទំនិញគ្រប់ប្រភេទនិង អ្នក ដំណើរដែលចេញពីភ្នំពេញ ឆ្លងកាត់តាមកន្លែង ដែលត្រូវទឹកលិចនោះ ។ ចំណែកចំណុចទី២ ត្រូវបានដាក់នៅត្រង់រង្វង់មូល ដីក្រហមស្ថិតក្នុងភូមិប្រធាតុ សង្កាត់រលួស ខណ្ឌដង្កោ បិទមិនឲ្យ មិនឲ្យរថយន្តដឹកទំនិញគ្រប់ប្រភេទនិង អ្នក ដំណើរដែលចេញ ពីខេត្តតាកែវ កំពង់ស្ពឺ និងកណ្ដាល ចូលភ្នំពេញឆ្លងកាត់ ដោយបានបង្វែរឲ្យទៅតាមផ្លូវព្រែកថ្លឹង និងទំនប់សណ្ដរស្ទឹង ដែលមិនមានទឹកលិចវិញ ៕ ជីម ភារ៉ា ដង្កោ