ខេត្តកែប៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកែប មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ អយ្យការអមសាលាដំបូងខេត្តកែប បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ឋ ករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ពីស្នងការដ្ឋាននគរបាលខេត្តកែប ដែលបានបង្ក្រាប កាលពីថ្ងៃ ទី០១ ខែមិថុនា ឆ្នាំ២០២៦ និងបានបញ្ជូនជនសង្ស័យជាជនជាតិចិនចំនួន០៨នាក់ (គេចខ្លួន០១នាក់) និង ជនជាតិមីយ៉ាន់ម៉ា ០១នាក់ និងបក្សពួក ព្រមទាំងវត្ថុចាប់យក ។
ក្រោយពីបានធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ ពិនិត្យទៅលើភស្តុតាង និងរបាយការណ៍របស់មន្ត្រីនគរបាលយុត្តិធម៌ ព្រមទាំងបានស្តាប់ចម្លើយជនសង្ស័យ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យជាជនជាតិចិនចំនួន០៨ នាក់ (គេចខ្លួន០១នាក់) និងជនជាតិមីយ៉ាន់ម៉ា០១នាក់ និងបក្សពួក តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៣៣ អ.យ.ឃ/២៦ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ ពីបទ “ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទរៀបចំ ឬដឹកនាំ មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ប្រព្រឹត្តនៅចំណុចកែបសាន់ផាកបូទិច ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៥ កថាខណ្ឌទី១ និង កថាខណ្ឌទី៣ និងមាត្រា៦ កថាខណ្ឌទី១ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។
សូមជម្រាបជូនថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ក្នុងការបង្ការបង្ក្រាប និងបោសសំអាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានដឹកនាំកម្លាំងផែនការងារអន្តោប្រវេសន៍, ផែនការងារនគរបាលព្រហ្មទណ្ឌ, កម្លាំងអធិការដ្ឋាននគរបាលក្រុងកែប ដោយមានការសម្របសម្រួលនីតិវិធី ពីលោក ច័ន្ទ ដារិទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកែន ដែលមានការចូលរួម ពីអាជ្ញាធរក្រុង សង្កាត់ បានចុះប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
ក្នុងរង្វង់កិច្ចប្រតិបត្តិការកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន៨នាក់ (ជនជាតិចិន ចំនួន៧នាក់ និងជនជាតិមីយ៉ាន់ម៉ា ចំនួន១នាក់) និងដកហូតសម្ភារ:វត្ថុតាង រួមមាន៖ កុំព្យូទ័រលើតុ ៥គ្រឿង និងទូរសព្ទ ៣គ្រឿង រួមទាំងសម្ភារៈជាឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មួយចំនួនទៀត៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច