ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹងបានដឹងលោកអេង សុភាព អនុប្រធានការិយាល័យភូមិបាល ស្រុកកណ្តាលស្ទឹងពីបទប្រព្រឹត្តអំពើពុករលួយ រត់ការធ្វើប័ណ្ណកម្មសិទ្ធិលើផ្ទៃដីទំហំជាង១៧ហិកតា ស្ថិតនៅក្នុងអាងស្តុកទឹក៧មករា ដែលជាតំបន់ហាម មិនឲ្យធ្វើកម្មសិទ្ធិ ។
ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើដាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ បានឲ្យដឹងថា កន្លងមក ដោយមានការបំភ្លឺបិទបាំងពីការពិត លោក អេង សុភាព បានប្រើល្បិចបញ្ចុះបញ្ចូលឲ្យអាជ្ញាធរថ្នាក់ខេត្តធ្វើប័ណ្ណកម្មសិទ្ធិដើម្បីផលប្រយោជន៍ ។ ក្នុងពាក្យបណ្តឹងបញ្ជាក់ថា អនុប្រធានភូមិបាលស្រុកកណ្តាលស្ទឹង ជាអ្នករត់ការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីក្នុងអាងស្តុកទឹក៧មករា ទំហំជាង១៧ហិកតានោះ ។ ប្រជាពលរដ្ឋអះអាងថា មានភស្តុតាងច្បាស់លាស់ចំពោះអំពើពុករលួយរបស់លោក អេង សុភាព ក្នុងសំណុំរឿង ធ្វើប័ណ្ណកម្មសិទ្ធិលើដីហាមឃាត់នោះ ។
រហូតមកដល់ពេលនេះ គេមិនទាន់ឃើញចំណាត់ការយ៉ាងណានៅឡើយចំពោះបុគ្គលពុករលួយ ដែលមានតួនាទីជាអនុប្រធានការិយាល័យភូមិបាលស្រុកកណ្តាលស្ទឹងនេះនៅឡើយ ។ ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីអាជ្ញាធរមូលដ្ឋាន អះអាងស្រដៀងគ្នាថា ដីដែលត្រូវរក្សាទុកត្រូវបានលោកអេង សុភាព ប្រើគ្រប់វិធី តាំងពីជំនាន់អតីតអភិបាលខេត្ត ផៃ ប៊ុនឈឿន ដើម្បីប្រែក្លាយដីតំបន់ហាមឃាត់នោះ ឲ្យទៅជាដីកម្មសិទ្ធិឯកជន ៕