ព័ត៌មានទាន់ហេតុការណ៍៖

អតីតចៅហ្វាយក្រុងភ្នំពេញ បច្ចុប្បន្នជាសមាជិកសភាកម្ពុជា បានបង្ហាញពីផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ លើវិស័យអប់រំនិងវប្បធម៌ និងវឌ្ឍនភាពភាសាបារាំង ក្នុងមហាសន្និបាត APF នៅកាមេរូន

ចែករំលែក៖

យ៉ាអ៊ុនដេ (កាមេរូន)៖ ក្នុងឱកាសចូលរួមសម័យប្រជុំប្រចាំឆ្នាំលើកទី៥១ នៃសភាប្រើភាសាបារាំង (APF) កាលពីពេលថ្មីៗកន្លងទៅនេះ លោក កែប ជុតិមា អតីតអភិបាលសាលារាជធានីភ្នំពេញ បច្ចុប្បន្នជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអប់រំ វប្បធម៌ និងទំនាក់ទំនង នៅទីក្រុងយ៉ាអ៊ុនដេ សាធារណរដ្ឋកាមេរូន។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសមាជិកសភាប្រមាណ ៣០រូប មកពី ២១ក្រុមសភាជាតិនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង រួមទាំងអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗ ដូចជា ស្ថានភាពគ្រូបង្រៀនភាសាបារាំងលើសកលលោក ការអប់រំឌីជីថល ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ការចុះអត្រានុកូលដ្ឋាន និងការអភិរក្សខ្លឹមសារវប្បធម៌។

នាឱកាសនោះ លោក កែប ជុតិមា បានធ្វើបទអន្តរាគមន៍ដោយជម្រាបជូនអង្គប្រជុំអំពីផលប៉ះពាល់អវិជ្ជមាននៃជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលកន្លងមក មកលើវិស័យអប់រំ និងវប្បធម៌នៅកម្ពុជា។ ក្នុងនោះ ជម្លោះប្រដាប់អាវុធបានបង្ខំឱ្យសាលារៀនតាមបណ្តោយព្រំដែនចំនួន ១,០១៧ខ្នង ត្រូវបិទទ្វារបណ្តោះអាសន្ន ដែលធ្វើឱ្យគ្រូ និងសិស្សានុសិស្សរងផលប៉ះពាល់យ៉ាងខ្លាំង ព្រមទាំងបង្កើតឱ្យមានហានិភ័យនៃការបោះបង់ការសិក្សា និងជំងឺថប់អារម្មណ៍។ ជាងនេះទៅទៀត ការវាយប្រហារតាមអាកាសពីសំណាក់យោធាថៃ នាពេលនោះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បុរាណស្ថានចំនួន ៥៦២កន្លែង ជុំវិញតំបន់ប្រវត្តិសាស្ត្រ ជាពិសេសគឺប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ទន្ទឹមនឹងនេះ លោកក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាព និងវឌ្ឍនភាពនៃការសិក្សាភាសាបារាំងនៅកម្ពុជា ព្រមទាំងបានលើកឡើងពីបញ្ហាប្រឈម និងអនុសាសន៍មួយចំនួនដើម្បីជំរុញជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីដៃគូអន្តរជាតិ។ លោកបានបង្ហើបឱ្យដឹងថា កម្ពុជានឹងបើកដំណើរការមហាវិទ្យាល័យភាសាបារាំង ជំនាញសេដ្ឋកិច្ចនិងការគ្រប់គ្រងកម្រិតពិភពលោក ក្នុងពេលឆាប់ៗខាងមុខនេះ។

ជាទីបញ្ចប់ លោកប្រធានគណៈកម្មការបានប្រកាសជូនអង្គប្រជុំដោយមោទនភាពថា ព្រះរាជាណាចក្រកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី២០ នាថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ជាមួយគ្នានេះ ក្រុមសភាជាតិកម្ពុជានៃ APF ក៏នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការអប់រំ វប្បធម៌ និងទំនាក់ទំនង នៃសភាប្រើភាសាបារាំង នាខែមេសា ឆ្នាំ២០២៧ ខាងមុខផងដែរ៕

ដោយ៖តារា


ចែករំលែក៖