ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៥រសៀល សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន នឹងចូលរួមក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី១ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលចាប់ផ្តើមប្រកួតពីថ្ងៃទី២៥ ខែតុលា រហូតដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា៖ «នៅម៉ោង៥ រសៀលថ្ងៃនេះ ខ្ញុំនឹងភរិយាមានកិត្តិយសចូលរួមនៅក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី១ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលចាប់ផ្តើមប្រកួតពីថ្ងៃទី ២៥ តុលា-៥ វិច្ឆិកា ២០១៦។ សូមជនរួមជាតិ ជាពិសេសយុវជន ចូលរួមគាំទ្រទស្សនាអោយបានច្រើនកុះករទាំងអស់គ្នា។ Facebook ខ្ញុំ និង BTV នឹងផ្សាយបន្តផ្ទាល់ផងដែរ។
ដោយសារសង្រ្គាមជាង៤០ឆ្នាំកន្លងមកនេះ កម្ពុជាយើងបានបាត់បង់ឱកាសជាច្រើនក្នុងការជំរុញវិស័យកីឡាជាតិ។ នៅក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) គឺវិស័យកីឡាត្រូវបានបំបាត់ចោលទាំងស្រុង។ ទើបតែពេលនេះ ក្រោយពីប្រទេសជាតិមានសន្តិភាពពេញលេញ ទើបយើងមានឱកាសកសាងវិស័យកីឡាជាតិអោយរីកលូតលាស់ឡើងវិញ។
ខ្ញុំនិងភរិយា សូមលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹងដល់កីឡាករ កីឡាការិនី និងក្មួយៗយុវជន ក្នុងការចូលរួមលើកស្ទួយកីឡាជាតិយើងអោយកាន់តែរីកចម្រើន និងល្បីរន្ទឺរទាំងនៅក្នុងកម្រិតជាតិ និងអន្តរជាតិ ជាពិសេសដើម្បីត្រៀមយកជ័យជំនះនៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (32nd South East Asian Games-SEA Games) នៅឆ្នាំ ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។
ខ្ញុំនិងភរិយា សូមជូនពរកីឡាករ កីឡាការិនីទាំងអស់ទទួលជោគជ័យនៅក្នុងការប្រកួតថ្ងៃនេះ» ៕