ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងបើករថយន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៤ផ្ទាំង

ចែករំលែក៖

ភ្នំពេញ: បុរសជនជាតិចិនម្នាក់ សង្ស័យស្រវឹងស្រា បើករថយន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់៤ផ្ទាំង ហើយរថយន្តខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ នៅចំណុចខាងលិចស្ពានអាកាស៧មករាប្រមាណជាង១០០ម៉ែត្រ តាមបណ្ដោយមហាវិថីសហពន្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសន្តិសុខយាមនៅក្រុមហ៊ុនជិតកន្លែងកើតហតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX ៣០០ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២J ៩៦៩០ បើកបរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតទៅបុកនឹងរបាំងថ្ម ពុះចែកទ្រូងផ្លួវបណ្ដាលឲ្យបាក់អស់៤ផ្ទាំង ។ ដោយឡែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខ ស្ទើរទាំងស្រុង បើកទៅមុខលែងរួចពេលនោះ គេឃើញបុរសជនជាតិចិនម្នាក់បានបើកទ្វាររថយន្តចេញដោយលើខ្លួនរងរបួសស្រាល ហើយបានហៅម៉ូតូឌុបជិះគេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ រថយន្តខាងលើត្រូវបានសមត្ថកិច្ចចរាចរណ៍រាជធានីវាស់វែង និងស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីរង់ចាំការដោះស្រាយទៅតាមនីតិវិធី ៕ តុង សីហា

5 1 2 3 4


ចែករំលែក៖