ប្រធានាធិបតីវេណេហ៊្សុយអេឡាលោក ម៉ាឌូរ៉ូ បានបញ្ជាក់ថា ពលរដ្ឋវេណេហ៊្សុយ អេឡាបានត្រៀមលក្ខណៈប្រឈមមុខនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារពីក្រុមប្រឆាំង។
លោក នីកូឡាស ម៉ាឌូរ៉ូ បានបញ្ជាក់ កាលពីថ្ងៃទី២៦ ខែតុលាថា រដ្ឋាភិបាលនឹង មិនមានការចរចាណាមួយពីអធិបតេយ្យភាពជាតិ និងយុទ្ធសាស្ត្រជ្រៀតជ្រែកចូលផ្ទៃក្នុងរបស់បរទេសក៏ដូចជាប៉ុនប៉ងធ្វើរដ្ឋប្រហាររបស់ក្រុមប្រឆាំងឡើយ។
ការប្រកាសរបស់លោក ម៉ាឌូរ៉ូ កើតឡើង ក្រោយពេលដែលសភាមានសំឡេងភាគច្រើនពីក្រុមប្រឆាំងបានអនុម័តឲ្យមានការចោទប្រកាន់ទោសពីតុលាការទៅលើរូបលោក។ មានប្រសាសន៍ទៅកាន់អ្នកគាំទ្ររាប់សិបពាន់នាក់ រដ្ឋាភិបាលរបស់ប្រធានាធិបតីម៉ាឌូរ៉ូ បញ្ជាក់ថា នឹងមិនមានកិច្ចពិភាក្សាណាមួយលើដែនអធិបតេយ្យភាពរបស់ វេណេហ៊្សុយអេឡានោះឡើយ។ លោក ម៉ាឌូរ៉ូក៏បាន អំពាវនាវដល់ក្រុមប្រឆាំងដែល មានការគាំទ្រពីអាមេរិកពង្រឹងការសាមគ្គី ការពារសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេស មិនត្រូវស្តាប់តាមការញុះញង់ពីខាងក្រៅធ្វើឲ្យបែកបាក់សាមគ្គីធ្វើឲ្យប្រទេសជាតិធ្លាក់ក្នុងវិបត្តិនយោបាយគ្មានច្រកចេញនោះទេ។
លោក ម៉ាឌូរ៉ូ បានប្រកាសផងដែរថា ក្រុមប្រឹក្សាសន្តិសុខជាតិបានជួបប្រជុំគ្នាកាលពីថ្ងៃទី២៥ ខែតុលា ហើយក្រុមនោះ នឹងបន្តរក្សាសន្តិសុខរហូតដល់ក្រុមប្រឆាំង បញ្ឈប់សកម្មភាពប៉ុនប៉ងធ្វើរដ្ឋប្រហារ។ លោកបន្តទៀតថា ក្រុមប្រឆាំងនៅក្នុងសភា មានគោលដៅតែមួយគត់គឺបំផ្លាញប្រទេស ជាតិដើម្បីផលប្រយោជន៍ខ្លួន។ ទាំងនោះហើយបានជាយើងមិនឲ្យមានរឿងនោះកើត ឡើងឡើយ។
នៅថ្ងៃទី២៦ ខែតុលា ការធ្វើបាតុកម្មប្រឆាំងប្រធានាធិបតីបានបន្តកើតឡើង ដោយមានអំពើហិង្សាមួយចំនួនបណ្តាលឲ្យមានអ្នករងរបួសជាច្រើន និងបាតុករមួយ ចំនួនត្រូវបានចាប់ខ្លួន។ ការធ្វើបាតុកម្មរបស់ ក្រុមប្រឆាំងមានការចូលរួមពីពលរដ្ឋរាប់សិបពាន់នាក់។ មេដឹកនាំក្រុមបាតុករ ប្រឆាំងបានអំពាវនាវឲ្យពលរដ្ឋ «គ្រប់គ្រង វេណេហ៊្សុយអេឡា» ដោយគ្រប់គ្រងទីតាំង សំខាន់ៗរបស់រដ្ឋបង្ខំឲ្យប្រធានាធិបតីចុះចេញពីតំណែង ៕ ម៉ែវ សាធី