ខេត្តបាត់ដំបង ៖ តៃកុងរថយន្តក្រុងម្នាក់ របស់ក្រុមហ៊ុន KSRv ត្រូវបាននគរបាលឃាត់ខ្លួន ក្រោយពីរថយន្តក្រុងនោះបានបុកបុរសម្នាក់ដើរថ្មើរជើងតាមផ្លូវជាតិលេខ៥៩ បណ្តាលឱ្យស្លាប់ ។
ហេតុការណ៍ កើតឡើងកាលពីវេលាម៉ោង០៩យប់ ថ្ងៃទី២៨ ខែតុលា ស្ថិតនៅចំណុចភូមិបឹងរាំងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
បើតាមប្រភព័ត៌មានពីនគរបាលស្រុកកំរៀងឱ្យដឹងថា អ្នកបើករថយន្តបង្ក មានឈ្មោះបូ ក្រូច អាយុ២៩ឆ្នាំ រស់នៅភូមិអង្គរកែវ ឃុំអង្គរកែវ ស្រុកទ្រាំង ខេត្តតាកែវ រថយន្តពាក់ស្លាកលេខសៀបរាប ៣A-០៧៧៤ ។ ជនរងគ្រោះមានឈ្មោឃុន រ៉ាន់ ភេទប្រុសអាយុ៥៦ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
សេចក្តីរាយការណ៍ឱ្យដឹងថា ក្នុងហេតុការណ៍ខាងលើ អ្នកបើករថយន្តបន្ទាប់ពីបង្ករួចបានរត់គេចខ្លួន ប៉ុន្តែក្រោយមកសមត្ថកិច្ច ក៏បានតាមស្វែងចាប់ឃាត់ខ្លួននាំមកអធិការដ្ឋាននគរបាលស្រុកកំរៀង ដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់ ។
ច្បាប់ចរាចរណ៍ផ្លូវគោក ជនណាបើកបរយានយន្តបង្កបណ្តាលឱ្យជនរងគ្រោះស្លាប់ហើយរត់គេចវេះមិនទទួលខុសត្រូវនៅកន្លែងកើតហេតុ សមត្ថកិច្ចឃាត់ខ្លួនបាន អាចប្រឈមនឹងជាប់ពន្ធនាគារ១ឆ្នាំទៅ៣ឆ្នាំ ជាងនេះទៅទៀត អាចមានស្ថានទទម្ងន់ទោសបន្ថែមទៀត ជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ ពិន័យជាប្រាក់៤លានរៀល ទៅ១៥លានរៀល ៕ សំ វិច្ឆិកា