ខេត្តព្រះសីហនុ៖ លោកស្រី រស់ គន្ធ ណុច អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន កោះរ៉ុងដាយសិនធើបានឱ្យដឹងថាភ្ញៀវទេសចរជាតិនិងអន្តរជាតិចាប់អារម្មណ៍មកលេងកម្សាន្តនៅតាមតំបន់កោះនានាក្នុងខេត្ត ព្រះសីហនុក្នុងមួយថ្ងៃប្រមាណជា១.០០០ នាក់ចំនួននេះមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
លោកស្រីបន្តថា ក្រុមហ៊ុននេះបានចាប់ ផ្តើមដឹកជញ្ជូនភ្ញៀវទេសចរទៅលេងកម្សាន្តតាមកោះចាប់ពីឆ្នាំ២០០៩ដោយទូកឈើ ក្នុងមួយថ្ងៃមានភ្ញៀវទេសចរបរទេសពី៣០នាក់មកដល់ឆ្នាំ២០១៣ក្រុមហ៊ុនបានបំពាក់នូវអូប័រល្បឿនលឿនចំនួន៥គ្រឿងក្នុង នោះអូប័រភ្លោះ២គ្រឿងក្នុងមួយគ្រឿងអាចផ្ទុកភ្ញៀវបាន១០០នាក់ អូប័រភ្លោះធុនតូច ២គ្រឿង ក្នុងមួយគ្រឿងផ្ទុកភ្ញៀវបានចំនួន ៣៥នាក់ និងអូប័រធម្មតា១គ្រឿង អាចផ្ទុក ភ្ញៀវបាន៦០នាក់។
ក្រៅពីអូប័រល្បឿនលឿនក្រុមហ៊ុនមានទូកដឹកភ្ញៀវនិងដឹកសម្ភារចំនួន១០គ្រឿងផ្សេងទៀតទៅលេងកម្សាន្តតាមបណ្តាកោះនានាក្នុងខេត្ត ព្រះសីហនុផងដែរ។
លោកស្រីបន្តថា តំបន់កោះរ៉ុងមាន សក្តានុពលខាងវិស័យទេសចរណ៍មាន ដូចជា ទី១ ជិះទូកទៅស្ទូចត្រី ទី២មើលផ្កាថ្មនិងជីវៈចម្រុះបាទសមុទ្រ ទី៣ការជិះ ខ្សែរ៉កពីដើមឈើមួយទៅដើមឈើមួយ មានចំនួន២៣កន្លែង និងជិះទូកមើលទេសភាពតាមតំបន់ព្រៃកោងកាង។
ក្រុមហ៊ុនបានត្រៀមរួចជាស្រេចក្នុងការស្វាគមន៍ភ្ញៀវទេសចរនៅរដូវប្រាំងខាងមុខព្រោះនៅខែវិច្ឆិការហូតដល់ខែមេសា ភ្ញៀវទេសចរបរទេសនឹងមកលេងកម្សាន្តនៅតាមតំបន់កោះមួយចំនួនក្នុងខេត្តព្រះសីហនុមានការកើនឡើងជាក់ជាមិនខានឡើយដោយសារតែនៅតាមតំបន់កោះនៃ ខេត្តព្រះសីហនុសម្បូរដោយឆ្នេរខ្សាច់ស ស្អាតខ្សល់អាកាសល្អបរិសុទ្ធ។ ម្យ៉ាងទៀត ឆ្នេរសមុទ្រកម្ពុជាបានដាក់បញ្ចូលជាក្លិបឆ្នេរស្អាតលើពិភពលោកដែលជាការទាក់ទាញភ្ញៀវទេសចរបរទេសមកលេងកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជាកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕ សហការី