ខេត្តព្រះសីហនុ៖ នៅគ្រាដែលប្រជាពលរដ្ឋ, មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេស អ្នកដែលបានចូលផឹកស៊ី នៅក្នុងក្លឹបកម្សាន្តសេវិនគ្រប់រូប សុទ្ធតែដឹងថា លោក ប៉ែន ដារ៉ា ស្នងការរងនគរបាលខេត្តព្រះសីហនុបានផ្ទុះអាវុធ ព្រោះតែខឹងហៅស្រីរុស្ស៊ីទៅទទួលទានដំណេកមិនបាននោះ លោកប៉ែន ដារ៉ា បានបដិសេធថា លោកមិនបានផ្ទុះអាវុធនោះទេ ។
តាមបណ្តាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុក លោកប៉ែន ដារ៉ា និយាយថា លោកមិនមានការជាប់ពាក់ព័ន្ធ ឬការប៉ុនប៉ងនាំស្រីបរទេស«ទៅដេក» នោះទេ ។ លោកទទួលស្គាល់នៅក្នុងហេតុការណ៍នោះថា បានផឹកស៊ីបន្តិចបន្តួចមែន ហើយរថយន្តដែលនៅក្នុងកាមរ៉ាសុវត្ថិភាព មិនមែនជារបស់លោកទេ ។ លោកទទួលស្គាល់ថា មានការផ្ទុះអាវុធមួយគ្រាប់ក្រៅបរិវេណក្លឹបកម្សាន្ត ប៉ុន្តែដើម្បីការពារសុវត្ថិភាពនៅគ្រាដែលលោកឃើញមនុស្សមួយក្រុមកំពុងធ្វើសកម្មភាពជក់គ្រឿងញៀន ។
បើតាមសេចក្តីបដិសេធរបស់លោកប៉ែន ដារ៉ា អគ្គស្នងការនគរបាលជាតិ ក៏ដូចជាស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ គួរបើកការស៊ើបអង្កេតឲ្យបានច្បាស់លាស់ ប្រយោជន៍រកសខ្មៅឲ្យឃើញ ដើម្បីផ្តល់យុត្តិធម៌ដល់លោកស្នងការរងប៉ែន ដារ៉ា ។ ការចោទប្រកាន់ ដែលគ្មានមូលដ្ឋានណាមួយ ធ្វើឲ្យប៉ែន ដារ៉ា ក្លាយទៅជាជនរងគ្រោះទៅវិញ ។
បើតាមប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់ នៃអគ្គស្នងការនគរបាលជាតិបានបង្ហើបថា ថ្នាក់លើបានបញ្ជាឲ្យបញ្ចប់តួនាទី ភារកិច្ចរបស់លោកប៉ែន ដារ៉ា ដោយប្រគល់កិច្ចការនេះឲ្យលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុចាត់វិធានការ ។ ប៉ុន្តែលោកជួន ណារិន្ទ មិនចាត់វិធានការតាមបទបញ្ជារបស់ថ្នាក់លើនោះទេ ដោយបង្វិលកិច្ចការនេះឲ្យអគ្គស្នងការនគរបាលជាតិជាអ្នកចាត់វិធានការតាមច្បាប់ចុះ ។ ដូច្នេះសំណុំរឿងបាញ់បោះរបស់លោកប៉ែន ដារ៉ា ដែលគេដឹងថា ជាកូនប្រសាលោកស្រី ស៊ុយ សុផាន ប្រៀបដូចជាបាល់ដែលបោះទៅបោះមករវាងអគ្គស្នងការនគរបាលជាតិ នឹងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។
បើតាមរបាយការណ៍របស់ប្រធានសន្តិសុខក្រុមហ៊ុន DSS ដែលមានភារកិច្ចយាមកាមសណ្ឋាគារ និងរមណីយដ្ឋាន អេម៉ារីអូ ស្ថិតនៅចំណុចភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ ក្រោយពីឮស្នូរកាំភ្លើងផ្ទុះមួយគ្រាប់នៅក្នុងក្លឹបកម្សាន្ត សេវិន ដែលមានទីតាំងក្នុងសណ្ឋាគារ និងរមណីយដ្ឋានអេម៉ារីអូ គេបានឃើញរថយន្តមួយគ្រឿងម៉ាកឡិចស៊ី ៥៧០ ពាក់ស្លាកលេខ ន.ប. ៣៦៧៧ បានបើកបរមកចំណុចកុងត្រូល ហើយអ្នកបើកបររថយន្តបានបើកកាំភ្លើងភ្ជង់បង្ខំសន្តិសុខឲ្យបើកបារ៉ាស់ ដើម្បីបើករថយន្តចេញ ។ ស្ថិតក្នុងស្ថានការណ៍ដ៏គ្រោះថ្នាក់នោះ សន្តិសុខ បានបង្ខំចិត្តបើកបារ៉ាស់ ដើម្បីឲ្យរថយន្តនោះបើកចេញទៅ ។
តាមរយៈរបាយការណ៍បានបង្ហាញថា លោក ប៉ែន ដារ៉ា ពិតជាបានផ្ទុះអាវុធនៅក្នុងក្លឹបកម្សាន្តនោះមែន ។ យ៉ាងណាក៏ដោយ ក្នុង ឬក្រៅក្លឹប ក៏ត្រូវតែមានទោសនោះដែរ ក្នុងនាមជាអ្នកអនុវត្តច្បាប់ ។ ឬមួយគិតថា ស្នងការរងខេត្តប៉ុនភ្នំដែរ បាញ់មួយគ្រាប់មិនបានទេឬ?
ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការខេត្តព្រះសីហនុកំពុងរង់ចាំមើលចំណាត់ការរបស់អគ្គស្នងការនគរបាលជាតិ ក៏ដូចជាស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំពោះករណីមួយនេះ ។ តើសុខចិត្តទទួលយកដូចអ្វីដែលលោកប៉ែន ដារ៉ា បាននិយាយ ឬក៏ឈរលើសំឡេងប្រជាពលរដ្ឋដើម្បីសាងទំនុកចិត្តចំពោះកងកម្លាំងប្រដាប់អាវុធ? ៕ ហេង សូរិយា