ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានី ចំណាយ៥លានដុល្លារស្ថាបនាផ្លូវបឹងធំ ចាក់បេតុង តភ្ជាប់ពីផ្លូវជាតិលេខ៤-៣ ដើម្បីរំដោះចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ កំណាត់ផ្លូវបឹងធំ ជាផ្លូវក្រវ៉ាត់ក្រុងមួយខ្សែដែលស្ថិតក្នុងភូមិសាស្រ្ត ជាប់និងខេត្តកណ្តាល ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ ប្រវែងជាង១២គីឡូម៉ែត្រ ដែលរងនូវការខូចខាតធ្ងន់ធ្ងរ ត្រូវបានបើកការដ្ឋានស្ថាបនា ដោយចាក់បេតុង កម្រាស់២តឹក ទទឹង៧ម៉ែត្រដែលត្រូវចំណាយថវិការបស់សាលារាជធានីទាំងស្រុងអស់ចំនួន៥លានដុល្លារអាមេរិក។

ពិធីបើកការដ្ឋាននេះបានប្រព្រឹត្ដទៅកាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ម៉ៅ ភិរុន អភិបាលខេត្តកណ្តាលផងដែរ ។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីបានថ្លែងថា៖ បន្ទាប់ពីទទួលបាននូវអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពី២សប្តាហ៍មុន ក្នុងឱកាសដែលសម្តេចអញ្ជើញចុះពិនិត្យសាលាបឋមសិក្សា និងអនុវិទ្យាល័យចំណេះដឹងទូទៅសម្តេចមហាសង្ឃរាជ បូគ្រី និងវត្តព្រះឥន្ទសាមគ្គីធម៌ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី១៥ ខែតុលាកន្លងមកនេះ អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខេត្តកណ្តាលបានអនុវត្តតាមនិងឯកភាពគ្នាចាប់ផ្តើមបើកការដ្ឋានស្ថាបនាផ្លូវនេះជាប្រភេទបេតុងកម្រាស់២តឹក ប្រវែង១២គីឡូម៉ែត្រ ៦២០ម៉ែត្រ ទទឹង៧ម៉ែត្រ ក្នុងរង្វង់ទឹកប្រាក់ប្រមាណ៥លានដុល្លារ សហរដ្ឋអាមេរិក ។

លោកបន្តថា៖ ផ្លូវ១ខ្សែនេះដែលមានឈ្មោះថា ផ្លូវប្រទះឡាង ឬផ្លូវបឹងធំ ដែលជាផ្លូវខ្សែក្រវ៉ាត់ ក្រុងទី៤ គឺជាផ្លូវមួយដែលមានសារៈសំខាន់ក្នុងការរំដោះចរាចរណ៍តភ្ជាប់ពីផ្លូវជាតិលេខ៤ត្រង់ចំណុចផ្សារបែកចានមកផ្លូវជាតិលេខ៣ត្រង់ចំនុចវត្តស្លែង។ ផ្លូវនេះបានរងនូវការខូចខាតស្ទើរទាំងស្រុងដោយកត្តាជាច្រើន ក្នុងនោះក៏មានកត្តារថយន្តធន់ធ្ងន់ដឹកជញ្ជូនឆ្លងកាត់ផងដែរ។ តាមការគ្រោងទុកនៅពេលខាងមុខ កំណាត់ផ្លូវមួយនេះមានទទឹងរហូតទៅដល់១២ម៉ែត្រឯណោះ ប៉ុន្តែដោយសារថវិកានៅមានកម្រិតគឺអាជ្ញាធរសម្រេចស្ថាបនាទទឹង៧ម៉ែត្រជាមុនសិន ។

លោកបន្ដថា៖ តាមការសិក្សារបស់អ្នកជំនាញកំណាត់ផ្លូវនេះមិនមែនត្រឹមតែបម្រើឲ្យផលប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅដែលឆ្លងកាត់ភូមិសាស្រ្តតំបន់នេះនោះទេ គឺអាចកាត់បន្ថយការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៤ និងលេខ៣ផងដែរ ជាពិសេសត្រង់ចំណុចប្រសព្វរវង្វង់មូលចោមចៅ ដែលជាចំណុចតភ្ជាប់ពីផ្លូវជាតិលេខ៤ទៅផ្លូវជាតិលេខ៣ និងពីផ្លូវជាតិលេខ៣ មកផ្លូវជាតិលេខ៤វិញ ។

លោកសង្ឃឹមថា កំណាត់ផ្លូវនេះនឹងស្ថាបនារួចរាល់មុនពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិចូលមកដល់ ព្រោះដោយសារដំណើរការដ្ឋាន២ចាប់ផ្តើមព្រមគ្នាក្នុងពេលតែមួយ គឺពីចំណុចផ្សារបែកចាន និងការដ្ឋានមួយទៀតចាប់ផ្តើមពីចំណុចវត្តស្លែងឆ្ពោះមក ប្រសព្វគ្នាតែម្តង ។

សូមបញ្ជាក់ថា៖ ដោយការឯកភាពស្រុះស្រួលគ្នារវាងអភិបាលខេត្តកណ្តាលនិងអភិបាលរាជធានីភ្នំពេញ គឺថវិកាចំណាយនិងគម្រោងស្ថាបនាទាំងស្រុងប្រគល់ជូនអាជ្ញាធររាជធានីភ្នំពេញ ប៉ុន្តែការដោះស្រាយបញ្ហាប៉ះពាល់នៅចំណុចផ្សារបែកចាន ចំពោះអ្នកលក់ដូរ នៅលើចិញ្ចើមផ្លូវ គឺអាជ្ញាធរខេត្ដកណ្ដាលជាអ្នករួមគ្នាដោះស្រាយ ៕
pa-4-1

pa-5-1

pa-6-1

pa-7-1


ចែករំលែក៖