ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនជនសង្ស័យ ៧នាក់ ដែលជាគូទំនាស់បង្កអំពើហិង្សានៅមុខក្លិប XZOOM

ចែករំលែក៖

ភ្នំពេញ៖ ពាក់ព័ន្ធនឹងករណីហិង្សានៅចំណុចមុខក្លិប XZOOM ក្នុងខណ្ឌពោធិ៍សែនជ័យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ បានចុះឃាត់ខ្លួនជនសង្ស័យដែលជាគូទំនាស់ទាំងពីរក្រុម (ប្រុស-ស្រី) សរុបចំនួន ៧នាក់។

ករណីហិង្សាមានស្ថានទម្ងន់ទោស (វាយតប់គ្នាទៅវិញទៅមក) នេះ បានកើតឡើងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០២:៤០នាទីរំលងអធ្រាត្រ ស្ថិតនៅចំណុចមុខក្លិប XZOOM ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

វត្ថុតាង និងសម្ភារដកហូតរួមមាន ម៉ូតូចំនួន ៣គ្រឿង៖

១. ម៉ាក ហុងដាឌ្រីម សេ១២៥ (Honda Dream C125) ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JN-8044

២. ម៉ាក ស៊ុយហ្ស៊ុយគី និច (SUZUKI NEX) ស៊េរីឆ្នាំ២០២៦ ពាក់ស្លាកលេខ ភ្នំពេញ 1MK-1366

៣. ម៉ាក ហុងដាឌ្រីម សេ១២៥ (Honda Dream C125) ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ព្រៃវែង 1L-1415

បច្ចុប្បន្ន ជនសង្ស័យទាំង ៧នាក់ ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ បញ្ជូនខ្លួនទៅកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ដោយឡែក បក្ខពួកដែលបានគេចខ្លួន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរកឃាត់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ផងដែរ៕


ចែករំលែក៖