ភ្នំពេញ ៖ ក្មេងទំនើងពីរក្រុមមានគ្នា៧នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ខណៈពួកគេចេញពីផឹកស៊ីរួច ក៏មានទំនាស់ពាក្យសំដី រឿងចេញលុយមិនស្មើគ្នា ហើយបានបង្កហិង្សាតាមផ្លូវសាធារណៈ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២៣និង២៥នាទី ថ្ងៃទី២ ខែវិច្ចិកា ឆ្នាំ ២០១៦ នៅចំណុចក្បែរក្លោងទ្វារច្រកចូលវត្តសំរោងអណ្ដែត ស្ថិតតាមផ្លូវវត្តសំរោងអណ្ដែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញក្រុមក្មេងស្ទាវមួយក្រុម មានគ្នា៧នាក់ ជិះម៉ូតូបីគ្រឿង ចេញពីហាងផឹកស៊ីមួយកន្លែង ជិតវត្តសំរោងអណ្ដែត ហើយលុះមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញអ្នកទាំងអស់នោះដោះខ្សែក្រវាត់វាយគ្នាពេញផ្លូវ បង្កភាពអនាធិបតេយ្យពេញផ្លូវ ទើបប្រជាពលរដ្ឋនៅម្ដុំនោះ បានទាក់ទងទៅកាន់សមត្ថកិច្ចខណ្ឌសែនសុខ សហការជាមួយកម្លាំងអន្តរាគមន៍រាជធានីចុះមកបង្ក្រាបទាន់ពេលវេលា ហើយឃាត់ខ្លួនពួកគេយកទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលភ្នំពេញថ្មី ។
ក្រុមក្មេងទំនើងខាងលើបានឲ្យដឹងថា ពួកគេទើបតែចេញមកពីហាងផឹកស៊ីមួយកន្លែងយីហោ ចរណៃ នៅជិតរបងវត្តសំរោងអណ្ដែត ក្រោយមក ពួកគេបានប្រកែកគ្នារឿងចេញលុយមិនស្មើគ្នា ហើយនិងរឿងញ៉ែស្រីរបស់ពួកម៉ាកខ្លួន ក៏មានទំនាស់គ្នាបង្កជាហិង្សាយកខ្សែក្រវាត់ដេញវៃគ្នាតាមផ្លូវដូច្នោះទៅ ។
បច្ចុប្បន្នក្មេងទំនើងទាំង៧នាក់ កំពុងតែអប់រំណែនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលភ្នំពេញថ្មី និងហៅសាច់ញាតិឲ្យមកធានាយកត្រឡប់ទៅផ្ទះវិញ ៕ តុង សីហា