ព័ត៌មានទាន់ហេតុការណ៍៖

ខឹងប្រដៅមិនស្តាប់វាយសម្លាប់ប្អូនជីដូនមួយក្នុងអង្រឹង

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់ ព្រោះតែខឹងស្តីប្រដៅប្អូនប្រុសជីដូនមួយមិនស្តាប់ ក៏វាយសម្លាប់ គ្រាដែលជនរងគ្រោះកំពុងដេកលង់លក់ក្នុងអង្រឹងក្រោមជណ្តើរផ្ទះ កាលពីវេលាម៉ោង១២រំលងអធ្រាតឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ដោយពុំមាននណាម្នាក់ដឹងនោះទេ រហូតប្រទះឃើញសាកសពជនរងគ្រោះនៅព្រឹកឡើងទើបមានការភ្ញាក់ផ្អើល ។ ជនដៃដល់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលស្រាវជ្រាវបង្រ្កាបចាប់ខ្លួនបាននៅវេលាម៉ោង៨ព្រឹក ថ្ងៃដដែល រួមជាមួយវត្ថុតាងដំបងឈើជ្រុងប្រវែង១.១៣ម៉ែត្រ ដើម្បីកសាងសំណុំរឿងចាត់ការតមច្បាប់ ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនដៃដល់ឈ្មោះ នួន សារី ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្ទះ មានទីលំនៅក្នុងភូមិព្រែកតាបែន ឃុំ ព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ។ ចំណែកឯជនរងគ្រោះឈ្មោះ ស្រ៊ឺន ឌីណា ហៅខ្នា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (មានស្នាមរបួសមុតក្រោមភ្នែកខាងស្តាំ១កន្លែង និងស្នាមមុតនៅលើក្បាល១កន្លែង) ។ ជនរងគ្រោះត្រូវជាប្អូនជីដូនមួយជនដៃដល់ មានទីលំនៅក្នុងភូមិ/ឃុំជាមួយគ្នា ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនដៃដល់បាននិយាយស្តីប្រដៅទៅជនរងគ្រោះកុំឲ្យប្រើប្រាស់គ្រឿងញៀន តែជនរងគ្រោះមិនស្តាប់នោះទេ ថែមទាំងគំរាមសម្លាប់ជនដៃដល់ជាបងប្រុសជីដូនមួយចោលទៀតផង ។ ពាក្យគំរាមសម្លាប់របស់ជនរងគ្រោះធ្វើឲ្យជនដៃដល់មានគំនុំតាំងពីពេលនោះមក ។ លុះមកដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ជនរងគ្រោះបានមកអង្គុយផឹកស្រាកំដរក្នុងកម្មវិធីបុណ្យខួប៣ឆ្នាំបងប្អូនក៏មានទំនាស់ពាក្យសំដីគ្នាមួយជនដៃដល់បន្ថែមទៀត ។

ក្រោយពីកម្មវិធីផឹកស៊ីបានបញ្ចប់ជនរងគ្រោះបានយកអង្រឹងទៅចងដេកនៅក្រោមជណ្តើរផ្ទះរបស់ម្តាយជនដៃដល់ ហើយជនដៃដល់ក៏បាននិយាយហាមជនរងគ្រោះមិនឲ្យដេកនៅទីនោះ ។ តែជនរងគ្រោះមិនស្តាប់នោះទេ ថែមទាំងបានតបតទៅជនដៃដល់វិញថា “អញដេកនៅហ្នឹងស្រេចតែអញ ហ្អែងកុំចេះ” ។ បន្ទាប់ពីនិយាយចប់ជនរងគ្រោះក៏ចូលទៅដេកក្នុងអង្រឹងបាត់ទៅ ។ រហូតដល់វេលាយប់ស្ងាត់ជនដៃដល់ក៏យកដំបងឈើជ្រុងវាយសំពងទៅលើជនរងគ្រោះកំពុងដេកលង់លក់ចំនួន៣ដំបង ទើបចូលទៅដេកវិញជាធម្មតា ។

លុះព្រឹកឡើងទើបមានការភ្ញាក់ផ្អើល គ្រាដែលឃើញមានឈាមជាច្រើននៅក្រោមអង្រឹងជនរងគ្រោះដេក ។ បន្ទាប់មកសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលបានធ្វើការស្រាវជ្រាវជុំវិញការស្លាប់របស់ជនរងគ្រោះ រហូតឈានដល់ធ្វើការឃាត់ខ្លួនជនដៃដល់បាននៅវេលាម៉ោង៨ព្រឹកថ្ងៃដដែល បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ជនដៃដល់ឈ្មោះ នួន សារី បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពវាយសម្លាប់ជនរងគ្រោះដោយដំបងឈើជ្រុងប្រាកដមែន ដោយសារតែរូបគេខឹងទៅនឹងជនរងគ្រោះជាប្អូនជីដូនមួយនិយាយស្តីប្រដៅមិនស្តាប់ ថែមទាំងគំរាមសម្លាប់ខ្លួនចោល ។ បច្ចុប្បន្នជនដៃដល់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលកសាងសំណុំរឿងពីបទឃាតកម្មដោយចេតនា ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលចាត់ការតាមច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ

as-1 as-2 as-3 as-4 as-5 as-6 as-7 as-8 as-9 as-10


ចែករំលែក៖