ព័ត៌មានទាន់ហេតុការណ៍៖

សហគមន៍រកឃើញបទល្មើសកាប់ឈើសារជាថ្មី ក្នុងតំបន់ឧទ្យានជាតិវីរជ័យ

ចែករំលែក៖

ខេត្តរតនគិរី៖ សហគមន៍តំបន់ការពារធម្មជាតិអូរតាបូក ស្ថិតក្នុងឧទ្យានជាតិវីរជ័យ ក្នុងឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី រកឃើញបទល្មើសកាប់ឈើប្រណិតមានតម្លៃជាថ្មីទៀតក្នុងព្រៃអភិរក្ស គ្រាដែលសហគមន៍នាំគ្នាដើរល្បាតព្រៃឃ្លាំមើលព្រៃឈើនៅសេសសល់ ក្រោយពីការលួចកាប់យកឈើអស់ជាច្រើននៅឧទ្យានជាតិវីរជ័យ នៅប៉ុន្មានឆ្នាំកន្លងទៅនេះ។

ក្រុមល្បាតព្រៃសហគមន៍អូរតាបូក រួមជាមួយមន្ត្រីបរិស្ថាន និងមន្ត្រីអង្គការសង្គ្រោះសត្វព្រៃកម្ពុជា ប្រទះឃើញចំនៀរឈើប្រណិតថ្មីៗបន្សល់ចោលក្នុងតំបន់ព្រៃការពារធម្មជាតិ ជាភស្តុតាងបង្ហាញថា ជនល្មើសបានលួចអារយកឈើមានតម្លៃក្នុងព្រៃការពារជាថ្មីទៀត ខណៈរដ្ឋាភិបាលបានប្រកាសប្ដេជ្ញាទប់ស្កាត់បទល្មើសព្រៃឈើឲ្យខាងតែបាននោះ។

ក្រសួងបរិស្ថាន បានកាត់ចេញតំបន់ព្រៃឈើ ២.៨០០ហិកតារពីឧទ្យានជាតិវីរជ័យ បង្កើតជាតំបន់ការពារធម្មជាតិអូរតាបូក ដើម្បីប្រគល់ឲ្យសហគមន៍ជនជាតិដើមភាគតិចព្រៅ នៅតំបន់ក្បែរនោះ អភិរក្សតាំងពីឆ្នាំ២០១៤ រហូតមក។

មន្ត្រីគម្រោងអង្គការសង្គ្រោះសត្វព្រៃ លោក មឿ ធារ៉ា បញ្ជាក់នៅថ្ងៃទី២ ខែវិច្ឆិកា ថា នេះជាការរកឃើញបទល្មើសព្រៃឈើថ្មី ដែលកើតមានក្រោយតំបន់ការពារធម្មជាតិបានប្រគល់ឲ្យសហគមន៍គ្រប់គ្រង។ លោកថា ក្រុមល្បាតព្រៃកំពុងបន្តល្បាតព្រៃនៅចំណុចផ្សេងទៀត ដើម្បីវាយតម្លៃជុំវិញបទល្មើសព្រៃឈើថ្មី និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចពាក់ព័ន្ធ៖ «អត់បានជនល្មើសទេ ឃើញតែកំណាត់ឈើដែលគេកាប់គរៗហើយ។ ឈើនោះជាប្រភេទឈើធ្នង់ មុខកាត់ចិតប៉ែតឡើង។ ឥឡូវខ្ញុំទើបរកឃើញមួយចំណុចនៅច្រើនចំណុចទៀតនៃការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ការពារ»។

ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ក្រុមល្បាតសហគមន៍អូរតាបូក សហការជាមួយមន្ត្រីបរិស្ថាន មន្ត្រីអនុរក្សឧទ្យានជាតិវីរជ័យ និងមន្ត្រីអង្គការសង្គ្រោះសត្វព្រៃកម្ពុជា មានគ្នាសរុប ២០នាក់ បាននាំគ្នាល្បាតព្រៃ ហើយប្រទះឃើញចំនៀរឈើប្រណិតប្រភេទឈើធ្នង់ចំនួន ៥ ទៅ ៦ដើម ទំហំមុខកាត់ ៧ ទៅ ៨តឹក បន្សល់ចោលក្នុងព្រៃចំណុចអូរឡាប៉រ។

ប្រធានសហគមន៍អូរតាបូក លោក សាលា ត្រាវ បញ្ជាក់ដែរថា ជនល្មើសទំនងប្រជាពលរដ្ឋមកពីតំបន់ផ្សេងអាចជាប់ពាក់ព័ន្ធលួចអារយកឈើមានតម្លៃនោះ ជាពិសេសសហគមន៍សង្ស័យទៅលើកម្មករក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចនៅតំបន់ក្បែរតំបន់ការពារធម្មជាតិ បានលួចកាប់យកឈើដឹកជញ្ជូនចូលការដ្ឋានក្រុមហ៊ុន «គេកាយដើមវា ហើយគេរំលំខ្លះៗ មុខសញ្ញាតាមខ្ញុំដឹងខាងក្រៅខាងក្រុមហ៊ុនណា!»។

ប្រធានការិយាល័យផែនការ និងកិច្ចការច្បាប់ និងជាមន្ត្រីសម្របសម្រួលតំបន់ការពារធម្មជាតិ នៃមន្ទីរបរិស្ថាន ខេត្តរតនគិរី លោក ទន់ សុវណ្ណនី ឲ្យដឹងដែរថា រហូតមកទល់នឹងរសៀលថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០១៦នេះ ក្រុមល្បាតព្រៃមិនទាន់ផ្តល់របាយការណ៍ពីលទ្ធផលចុះល្បាតព្រៃរយៈពេលពីរថ្ងៃកន្លងទៅនៅឡើយ។

លោកថា ប្រសិនបើមានភស្តុតាងបង្ហាញថា មានបទល្មើសកើតមានជាថ្មីក្នុងព្រៃអភិរក្សនេះ មន្ត្រីអនុរក្សឧទ្យានជាតិមានភារកិច្ចស៊ើបអង្កេតរកមុខសញ្ញាប្រព្រឹត្តបទល្មើស យកមកផ្ដន្ទាទោសតាមច្បាប់ «ចង់ស្រាវជ្រាវចង់រកឲ្យឃើញចំណុចធំៗហ្នឹង បើមានខាងសមត្ថកិច្ចវីរជ័យ ត្រូវតែរកមុខសញ្ញាបទល្មើសឲ្យឃើញ ឲ្យឃើញតើបទល្មើសចេញពីប្រភពណា? អ្នកណាបញ្ជាឲ្យធ្វើ?»។

តំបន់ការពារធម្មជាតិអូរតាបូក គឺជាតំបន់ព្រៃស្ថិតក្នុងឧទ្យានជាតិវីរជ័យ។ ព្រៃឈើ ជាពិសេសឈើប្រណិតមានបេង នាងនួន ធ្នង់ និងគ្រញូង រងការលួចកាប់បែបអនាធិបតេយ្យអស់ស្ទើរគ្មានសល់តាំងពីឆ្នាំ២០១២ រហូតមក៕ វុទ្ធឦសាន

1


ចែករំលែក៖