ខេត្តព្រះវិហារ៖ ក្មេងប្រុសអាយុ១១ឆ្នាំ បានស្លាប់ក្រោយពេលដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកស្ត្រីជាម្តាយបានរងរបួសធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈដែលពួកគេដេកក្នុងតង់ពេលដែលទៅរកត្រី ហើយត្រូវបានហ្វូងដំរីព្រៃ វាយប្រហារនិងជាន់មនុស្សទាំងយប់តែម្តង។
សមត្ថកិច្ចខេត្តព្រះវិហារ បានឱ្យដឹងថា កាលពីវេលាម៉ោង៥និង៥០នាទីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២៦ សមត្ថកិច្ចបានទទួលព័ត៌មានពីលោកស្រីម៉ៅ ចាន់តឿន មេភូមិដំណាក់កន្ទួតបានរាយការណ៍ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលថា មានករណីសត្វដំរីព្រៃចំនួន៥-៦ក្បាល បានវាយកម្ទេចរោង និងជាន់មនុស្សបណ្ដាលឲ្យស្លាប់ចំនួន ១នាក់និងរបួសធ្ងន់ចំនួន១នាក់ កាលពីថ្ងៃទី១៣ ខែ តុលា ឆ្នាំ ២០២៦ វេលាម៉ោងប្រហែល២០និង១០នាទីនៅចំណុចកញ្ចាំងស្ថិតក្នុងភូមិសាស្រ្តភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។
ជនរងគ្រោះទី១: ឈ្មោះមុំ សុខហេង ភេទ ប្រុស អាយុ១១ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិដំណាក់កន្ទួត ឃុំថ្មី ស្រុកគូលែនខេត្តព្រះវិហារ (ស្លាប់តាមផ្លូវពេលដឹកមកសង្គោះ)និងជនរងគ្រោះទី២: ឈ្មោះធិន ជិត ភេទស្រី អាយុ៤៩ឆ្នាំ ត្រូវជាម្ដាយមានទីលំនៅភូមិឃុំជាមួយគ្នារងរបួសធ្ងន់បញ្ជនទៅសង្គ្រោះនៅមន្ទីរពេទ្យ១៦ មករាខេត្តព្រះវិហារ។
បើតាមការបំភ្លឺរបស់ ឈ្មោះមុត មូល ភេទប្រុសអាយុ៤០ ឆ្នាំដែលជាអ្នកទៅរកត្រី និងដេកនៅជាមួយគ្នាបានរៀបរាប់ប្រាប់ថា នៅវេលាម៉ោងប្រហែល២០និង១៥នាទីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ពេលពួកគាត់កំពុងតែដេកលក់ស្រាប់តែឮសំឡេងសត្វដំរីប្រហែល ៥-៦ ក្បាលមកវាយដំបូលកៅស៊ូដែលពួកគាត់កំពុងដេកលឺសូរប្រាវៗ។ បន្តិចក្រោយមកក៏លឺសំឡេងមីងជិតគាត់ស្រែកឲ្យជួយ ខ្ញុំក្រោកឡើងស្រាប់តែឃើញមីងជិតនិងកូនរបស់គាត់បានរងរបួសធ្ងន់ចំណែកខ្ញុំ កូនខ្ញុំ និងប្តីរបស់គាត់មិនមានប្រុសរបួសអ្វីទេ ។
សមត្ថកិច្ចខេត្តព្រះវិហារ បានបន្តទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះនិងក្រុមគ្រួសារ ព្រមទាំងអ្នកភូមិជាមួយគ្នាសរុបគ្នា៥នាក់បានទៅបោះបង្គោលប្រក់កៅស៊ូ(តង់)ដាក់ប៉ោងរកត្រី ពេលកំពុងដេកមានសត្វដំរីមកវ៉ៃនិងជាន់កម្ទេចរោង ហើយត្រូវមនុស្សដែលដេកនៅខាងក្រោមរោង បណ្ដាលឲ្យកូនស្លាប់តាមផ្លូវពេលយកមកសង្គ្រោះនៅមន្ទីរពេទ្យ និងម្ដាយរងរបួសធ្ងន់បញ្ជូនមកសង្គ្រោះនៅមណ្ឌលសុខភាពតាកឹងរួចបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យ១៦មករាខេត្តព្រះវិហារតែម្តង។
បច្ចុប្បន្នសពក្មេងប្រុសរងគ្រោះត្រូវបានសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច